ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ការចេះខ្លាចជំងឺកូវីដ-១៩ និងមិនមើលស្រាលវិរុសកូវីដ-១៩ គឺដើម្បីការពារអាយុជីវិតខ្លួនឯង ដូច្នេះ ប្រជាពលរដ្ឋទាំងអ ស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ និងការពាររៀងៗខ្លួន។

តាមរយៈលិខិតរបស់ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា បច្ចុប្បន្ននេះ មនុស្សម្នានៅ លើសាកលលោក កំពុងតែវីវក់ជាមួយនឹងការវ៉ៃលុកនៃវីរុសកូវីដ-១៩ ដែលធ្វើឲ្យមាន ការប៉ះពាល់ដល់សុខភាពសាធារ ណៈ និងសេដ្ឋកិច្ចប្រទេសជាតិ ព្រមទាំង ប្រាក់ចំណូលគ្រួសារ ផងដែរ។លោកស្រី បន្ដថា ស្ថានភាពចម្លងជំងឺកូវីដ-១៩ នៅតែជាក្តីព្រួយបារម្ភរបស់មនុស្សនៅលើសាកលលោក ជាមួយនឹងការ រាតត្បាតយ៉ាងខ្លាំងក្លាពីវីរុសបំប្លែងថ្មី ដែលកំពុងតែចរាចរយ៉ាងសកម្មនៅលើភពផែនដីនេះ និងកំពុងតែញាំញីការរស់ នៅរបស់ប្រជាជនទូទៅ។ លោកស្រី សង្កេតឃើញថា ការចម្លងវីរុសកូវីដ-១៩ នាពេលថ្មីៗនេះ ហាក់មានសភាពលឿន និងខ្លាំង គឺមានពពួកវីរុសកូវីដ-១៩ ដែលពិភពលោកក៏ កំពុងតែបារម្ភពីការចម្លងរបស់វា (Variant of concern)នោះ គឺពពួក B.1.1.7 (Alpha) និងពពួក B.1.617.2 (Delta)។

លោកស្រី បញ្ជាក់ថា «ភាគច្រើន យើងតែងឮថា មនុស្សខ្លាចកូវីដ-១៩ ក៏ប៉ុន្តែ ការខ្លាចរបស់យើង ហាក់ដូចជាមិនបាន ឆ្លើយតបទៅនឹងស្ថាន ភាពឆ្លងនៃជំងឺនេះ ដែលនៅតែមានការឆ្លងក្នុងចំនួនរាប់រយនាក់ជារៀងរាល់ថ្ងៃ។ បើយើងខ្លាច យើងត្រូវតែខិតខំធ្វើយ៉ាងណា កុំឲ្យមានការឆ្លង ដោយមានការប្រុងប្រយ័ត្នខ្ពស់ និងការពាររៀងៗខ្លួន ជាពិសេស មិនត្រូវបង្កឲ្យមានការជួបជុំណាមួយ ឬការចល័តរបស់បុគ្គលជាច្រើនដែលមិនមានភារកិច្ចចាំបាច់ (រហូតដល់កន្លែងខ្លះ មានការកកស្ទះមនុស្សនៅលើដងផ្លូវផងក៏មាន) ដែលបង្កជាបរិយាកាសដ៏ល្អសម្រាប់វីរុសកូវីដ-១៩ ធ្វើការចម្លងបន្ត ឬធ្វើចរាចរបានដោយងាយស្រួល»។

លោកស្រី បន្ថែមថា ការខ្លាចរបស់មនុស្សចាំបាច់ ត្រូវសម្ដែងចេញជាសកម្មភាពការពារខ្លួនឲ្យបានហ្មត់ចត់ ជាជាង ការមើលស្រាលលើលទ្ធភាពចម្លងដ៏លឿន និងសាហាវរបស់វ៉ីរុសកូវីដ-១៩ ជាពិសេស ពពួកបម្លែងថ្មី ដែលនាំឲ្យបុគ្គល និងក្រុមគ្រួសារ ធ្លាក់ចូលទៅក្នុងជ្រោះមហន្តរាយនៃជំងឺកូវីដ-១៩ និងអាចឈានដល់ការហួសសមត្ថភាពទទួល គ្រប់គ្រងជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យនានាផង ក៏អាចថាបានដែរ ប្រសិនបើបុគ្គលខ្លះ នៅមិនទាន់បានយល់ច្បាស់ ចូលរួមការពារខ្លួនពីការចម្លងឲ្យបានល្អទេនោះ ដោយនៅតែគិតថា មិនអីទេៗ។

លោកស្រី បានឲ្យដឹងទៀតថា មនុស្សមួយចំនួនអាចគិតថា ខ្លួនមិនអីទេ បើមិនពាក់ម៉ាស់ មិននៅគម្លាតគ្នា ឬចូលទៅ កន្លែងប្រមូលផ្តុំគ្នាដែលបិទជិតមិនមានខ្យល់ចេញចូល ដោយសារមិនឃើញមានកើតបញ្ហាអ្វី តែភ្លេចគិតថា « ការដែលគិតថា មិនអីទេៗ» នេះហើយ ដែលធ្វើឲ្យបុគ្គលភ្លេចខ្លួន ភ្លេចពីការឆ្លងវីរុសកូវីដ-១៩ រហូតដល់គិតថា មិនមានវីរុសកូវីដ-១៩ នេះពិតប្រាកដផងដែរ។ 

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤២,០៥២នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៣៦,៨៦៨នាក់ និងស្លាប់ ចំនួន ៤១៤នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ