ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះថា៖ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក និងសំណង់គ្មានសណ្តាប់ធ្នាប់នៅក្នុងតំបន់មិនរៀបរយជាច្រើន លើផ្ទៃទឹកក្នុងមូលដ្ឋានខណ្ឌជាប់ព្រំប្រទល់ទន្លេទាំង៧ រួមមាន ខណ្ឌព្រែកព្នៅ ជ្រោយចង្វារ ឫស្សីកែវ ដូនពេញ ចំការមន ច្បារអំពៅ និងខណ្ឌមានជ័យ ត្រូវបានម្ចាស់រុះរើ និងខ្លះទៀតបានចល័តចេញដោយស្ម័គ្រចិត្ត គិតចាប់ពីថ្ងៃដែលរដ្ឋបាល រាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ និងកំពុងរើចេញជាបន្តបន្ទាប់។

 អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ដដែលរូបនោះបានបញ្ជាក់បន្ថែមថា «ដំណើរការអនុវត្តប្រកបដោយប្រសិទ្ធភាព និងអាចទទួលយកបាន ផ្តើមចេញពីការយល់ដឹង ការទទួលស្គាល់ និងការចូលរួមដោយស្ម័គ្រចិត្ត»។ជាមួយបញ្ហានេះមានការលើកឡើងថា តើម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកគ្មានសណ្តាប់ធ្នាប់ទាំងអស់នោះនឹងទៅណា ក្រោយបានរុះរើ និងខ្លះស្ម័គ្រចិត្តចាកចេញ ? ឆ្លើយតបនឹងសំណួរនេះលោក ម៉េត មាសភក្តី បានរៀបរាប់ថា ពាក់ព័ន្ធម្ចាស់បែចិញ្ចឹមត្រីមួយចំនួនដែលទើបទំលាក់កូនត្រីចូលបែ មុនការជូនដំណឹង បានសំណូមពរយ៉ាងទទូចស្នើពន្យាពេលវេលារុះរើ ដោយកត្តាជីវភាពដ៏ចាំបាច់ យើងពុំអនុញ្ញាតបន្តទុកបែត្រីយ៉ាងអនាធិបតេយ្យ ពាសវាលពាសកាលតាមដងទន្លេនៅកន្លែងចាស់សព្វថ្ងៃនេះ និងត្រូវបន្តរុះរើចាកចេញអោយអស់ និងស្អាតបាត ប៉ុន្តែអាចរៀបចំចិញ្ចឹមត្រីជាបណ្តោះអាសន្ន នៅភាគខាងជើងខណ្ឌព្រែកព្នៅ ក្បែរព្រំប្រទល់ខេត្តកណ្តាល ដោយមានការសន្យាច្បាស់លាស់ និងការរៀបចំឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ ពុំមានបង្កផលប៉ះពាល់ណាមួយពិសេសបរិស្ថានទន្លេ។

ចំនួនប្រមាណ៨០-៩០ភាគរយ នៃផ្ទះបណ្ដែតទឹក និងបែត្រីរបស់ជនជាតិវៀតណាម ត្រូវបានរុះរើ និងចាកចេញរួចរាល់ហើយ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅសល់មួយចំនួនតូចទៀតបាននឹងកំពុងរុះរើ និងចាកចេញបណ្តើរៗហើយ។សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាឱ្យរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ដោយទុកពេល១០ថ្ងៃឱ្យម្ចាស់ទាំងនោះរុះរើ ឬចល័តចេញជាបន្ទាន់។ ពីថ្ងៃទី០២ ខែមិថុនា រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ