មន្ដ្រីក្រសួងសាធារណការ ៖ ក្នុងបរិបទជំងឺកូវីដ-១៩ ប្រជាពលរដ្ឋចាំបាច់ត្រូវ ចេះប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ ៖ លោក ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែង ក្នុងបរិបទប្រទេសជាតិកំពុងជួប ជំងឺកូវីដ-១៩ ចាំបាច់ប្រជាពលរដ្ឋត្រូវចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ការទំនាក់ទំនងសង្គម បើមិនដូច្នោះទេ ពួកគាត់មិនអាចទិញទំនិញតាមអនឡាញបានឡើយ។
ក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មការ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោក ឈួន វិន បានពន្យល់ត្រួសៗអំពីពាក្យគន្លឹះមួយចំនួនទាក់ទងនឹងបច្ចេកវិទ្យា ដូចជា ៖ ប្រជាពលរដ្ឋឌីជីថល សំដៅទៅលើប្រជាពលរដ្ឋដែលប្រើបច្ចេកវិទ្យាក្នុងការងារទូទៅប្រចាំថ្ងៃរបស់ខ្លួន សង្គមឌីជីថល សំដៅទៅលើការទំនាក់ទំនងគ្នាក្នុងសង្គម ដែលប្រើបច្ចេកវិទ្យា ឧស្សាហកម្ម៤.០សំដៅទៅលើវិស័យឧស្សាហកម្មណា ដែលពង្រឹងការងារផលិតកម្ម សេវាកម្ម និងការងារដឹកជញ្ជូនរបស់ខ្លួនដោយប្រើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងស្មាតស៊ីធី (Smart City) សំដៅទៅលើការងារអភិវឌ្ឍន៍នគររូបនីយកម្ម និងសំណង់ បូកជាមួយនឹងការងារបច្ចេកវិទ្យា និងប្រព័ន្ធបច្ចេកវិទ្យាដឹកជញ្ជូនឆ្លាតវៃ(ITS) ដែលក្រសួងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងគំនិតផ្តួចផ្តើមនេះ។
លោកបានសង្កេតឃើញថា «នៅកម្ពុជាមានរីកចម្រើនច្រើនទាក់ទងនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ពិសេសតាមហ្វេសប៊ុក និងតេឡេក្រាម រវាងអ្នកប្រើប្រាស់និងអាជីវករ នៅក្នុងបរិបទប្រទេសជាតិកំពុងឆ្លងកាត់គ្រាលំបាកពីជំងឺកូវីដ-១៩នេះ ដែលស្ថានការនេះបានបង្ខំឱ្យពួកគាត់ចាំបាច់ត្រូវចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការទំនាក់ទំនងសង្គម បើមិនដូច្នោះទេ ពួកគាត់មិនអាចទិញទំនិញបានឡើយ»។
ជាងនេះទៅទៀត លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារសំខាន់នៃការងារ បច្ចេកវិទ្យា ពោលគឺមិនថាប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ទេ បច្ចុប្បន្ននេះសុទ្ធតែបានយកចិត្ត ទុកដាក់លើការងារបច្ចេកវិទ្យាទាំងអស់ ពីព្រោះការងារនេះមានការវិវត្តន៍យ៉ាងឆាប់រហ័សពីដំណាក់កាល មួយទៅដំណាក់កាលមួយ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះបានអនុម័តក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ និងកំពុងរៀបចំបញ្ចប់ក្រប ខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២១-២០៣០ ផងដែរ។
លោក បានបន្ថែមថា ដើម្បីអនុវត្តគោលនយោបាយនេះឱ្យទទួលបានជោគជ័យ ចាំបាច់ត្រូវមានតួអង្គពាក់ព័ន្ធសំខាន់ៗចូលរួម ជាពិសេស រាជរដ្ឋាភិបាល វិស័យឯកជន និងការចូល រួមរបស់បងប្អូនប្រជាពលរដ្ឋ។
លោក បានបញ្ជាក់ថា «កម្ពុជានឹងក្លាយទៅជារាជរដ្ឋាភិបាលឌីជីថល នៅពេលសម្រេចបាននូវការរៀបចំគោលនយោបាយបន្ទាន់មួយទៀត គឺគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ក្នុងគោលដៅជំរុញឱ្យក្រសួង-ស្ថាប័ន ដែលផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវអនុវត្តការផ្តល់ការសេវារបស់ខ្លួនតាមរយៈបច្ចេកវិទ្យាអនឡាញ»៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត