(ភូមា)៖គំនរគ្រឿងញៀនដែលរឹបអូសបានត្រូវបានគេដាក់បង្ហាញនៅក្នុងពិធីបំផ្លាញដើម្បីប្រារព្ធ“ ទិវាអន្តរជាតិប្រឆាំងការរំលោភបំពាននិងការជួញដូរគ្រឿងញៀនខុសច្បាប់” របស់អង្គការសហប្រជាជាតិនៅទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ានៅថ្ងៃសៅរ៍ទី ២៦ ខែមិថុនា។នេះបើតាមការចុះផ្សាយដោយAFP។
សកម្មភាពដុតបំផ្លាញគ្រឿងញៀនដូចគ្នានេះ គឺត្រូវបានអាជ្ញាធររបបសឹកភូមា រៀបចំធ្វើផងដែរ នៅទីតាំងផ្សេងទៀត ដូចជានៅទីក្រុងម៉ាន់ដាឡេ ទីក្រុងតូងជី និងនៅរដ្ឋហ្សានជាដើម ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ថ្ងៃទី២៦មិថុនា ។ ជាសរុប អាជ្ញាធររបបសឹកភូមា បានដុតបំផ្លាញគ្រឿងញៀន គិតជាទឹកប្រាក់ចំនួន ៦៦៨លានដុល្លារ ដែលក្នុងនោះគឺ មានថ្នាំគ្រាប់មេតំហ្វេតាមីន ចំនួន២២៤លានគ្រាប់។
គួរបញ្ជាក់ថា ភូមា គឺជាប្រទេសធំទី២ ដែលដាំនិងផលិតអាភៀន ច្រើនជាងគេបំផុត លំដាប់ទី២ បន្ទាប់ពីអាហ្វហ្កានីស្ថាន។ ភូមាក៏ជាប្រទេសដ៏សំខាន់មួយផងដែរ ដែលផលិតថ្នាំគ្រាប់មេតំហ្វេតាមីន ច្រើនជាងគេបង្អស់។ យោងតាមអង្គការសហប្រជាជាតិ រដ្ឋហ្សាន ស្ថិតនៅភាគខាងជើងភូមា គឺជាដែនដី ប្រភពធំបំផុតនៃការផលិតគ្រឿងញៀនដុំរឹងដូចគ្រីស្តាល់ ដែលមានសារធាតុញៀនខ្ពស់ ហើយដែលគេនាំចេញបន្តទៅ អូស្ត្រាលី និងជប៉ុនជាដើម ដើម្បីកែច្នៃ។ រដ្ឋហ្សាន ស្ថិតនៅក្នុងតំបន់ត្រីកោណមាស ជាប់ព្រំដែនជាមួយថៃ និងឡាវ ត្រូវគេស្គាល់ជាច្រើនទសវត្សមកហើយ ថាជាជង្រុកគ្រឿងញៀន៕PP