(បរទេស)៖អាកាសធាតុក្នុងតំបន់មួយចំនួននៅសហរដ្ឋអាមេរិក និងកាណាដាបានឡើងក្តៅខ្លាំងចាប់ពីថ្ងៃអាទិត្យ ទី២៧ មិថុនា។ អកាសធាតុក្តៅខ្លាំងបានបង្ខំឲ្យសាលារៀន និងមណ្ឌលធ្វើតេស្តរកកូវីដជាច្រើនកន្លែងត្រូវបិទទ្វារ។នេះបើតាមការចុះផ្សាយដោយAFP។
កាលពីថ្ងៃអាទិត្យ ២៧ មិថុនា សីតុណ្ហភាពនៅក្នុងទីក្រុងស៊ីអាថល និងរដ្ឋធានីវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិកបានឡើងដល់ ៤០ អង្សាសេ ដែលជាកំណត់ត្រាមួយធ្វើឲ្យពលរដ្ឋអាមេរិករស់នៅទីនោះភ្ញាក់ផ្អើល និងជួបការលំបាកខ្លាំង។ពលរដ្ឋអាមេរិកមួយចំនួន បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ជាធម្មតាអាកាសធាតុនៅអំឡុងចុងខែមិថុនាគឺចន្លោះពី ២៣ ទៅ ២៧ អង្សា។ ប៉ុន្តែឆ្នាំនេះ សីតុណ្ហភាពឡើងដល់ខ្ទង់ ៤០អង្សា ដូច្នោះពួកគេមានអារម្មណ៍ថាប្រៀបបីដូចជាកំពុងរស់នៅវាលខ្សាច់ ឬកន្លែងក្តៅខ្លាំងណាមួយដែលពិបាកនឹងដកង្ហើមបានស្រួល។
សូមបញ្ជាក់ថា ក្រុមអ្នកបរិស្ថានកាណាដា បាននិយាយថា រលកកម្តៅដែលមានគ្រោះថ្នាក់ខាងលើ នឹងនៅបន្តអូសបន្លាយរហូតដល់សប្តាហ៍នេះ និងបានចេញសេចក្តីជូនដំណឹងឲ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសនៅខេត្ត British Columbia, Alberta, និងតំបន់Yukon ជាដើម។ ភ្នាក់ងារអាកាសធាតុជាតិរបស់អាមេរិក ក៏បានចេញសេចក្តីជូនដំណឹងឲ្យប្រជាជនត្រៀមខ្លួន និងជៀសវាងការនៅខាងក្រៅយូរផងដែរ៕PP