ភ្នំពេញ ៖ វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១លានដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីក្រុមហ៊ុនចិននោះ  បានដឹកមកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ។ 

វ៉ាក់សាំង ១លានដូស មកដល់កម្ពុជាព្រឹកនេះជាវ៉ាក់សាំង លើកទី៨ហើយ។ ដោយឡែក លើកទី៧ ចំនួន១លានដូស មកដល់កាលពីថ្ងៃទី១៣ មិថុនា ,លើកទី៦ ចំនួន១លានដូស មកដល់កាលពីថ្ងៃទី៨ មិថុនា ,លើកទី៥ ចំនួន១លានដូស មកដល់កាលពីថ្ងៃទី២៣ ឧសភា ,លើកទី៤ ចំនួន៥០ម៉ឺនដូស មកដល់កាលពីថ្ងៃទី១៦ ឧសភា ,លើកទី៣ ចំនួន៥០ម៉ឺនដូស មកដល់កាលពីថ្ងៃទី១១ ឧសភា ,លើកទី២ ចំនួន៥០ម៉ឺនដូស មកដល់កាលពីថ្ងៃទី១៧ មេសា និងលើកទី១ ចំនួន១.៥លានដូស មកដល់កាលពីថ្ងៃទី២៦ មីនា។ រហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំង ជាង៩លានដូសហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដោយឥតគិតថ្លៃ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងប្រតិបត្តិការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺនេះ ផងដែរ។ រាជរដ្ឋាភិបាល ក៏បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងស្វះស្វែងរកវ៉ាក់សាំងឲ្យបាន ជាង២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ជាង១០លាននាក់ ដើម្បីបង្កើតភាពសាំ និងទទួលបានជោគជ័យ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ធ្វើយ៉ាងណាឲ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញ នាពេលខាងមុខនេះ។យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៣,២៥៧,៨៥៧នាក់។ ខណៈលទ្ធផល ចាក់វ៉ាក់សាំងគោលដៅ ១០លាននាក់ បានចំនួន៣២.៥៨% ហើយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ