ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់នូវអំពើទារលុយពីប្រជាពលរដ្ឋ ដើម្បីជាថ្នូរក្នុងការចាក់វ៉ាក់ សាំងកូវីដ-១៩ ក្រោយមានជនខិលខូចទារលុយពីប្រជាពលរដ្ឋបែបនេះ។

ក្នុងឱកាសប្រគល់ថវិកា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំនួន១០រៀល ជូនដល់អ្នកស្ម័គ្រចិត្តចាក់វ៉ា ក់សាំងកូវីដ-១៩ ទី៣លាន នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន ប្រាប់ក្រុមអ្នកសារព័ត៌មាន ថា បច្ចុប្បន្នយុទ្ធនាការចាក់វ៉ាក់សាំងមានល្បឿនលឿន ហើយផែនការចាក់ឲ្យបាន ១០លាននាក់ នឹងទទួលជោគជ័យ នាពេលឆាប់ៗនេះ។ លោកស្រី ថា ការចាក់វ៉ាក់សាំងនេះ រាជរដ្ឋាភិបាលកម្ពុជា គ្មានគោលការណ៍យកថវិកាឡើយ។

លោកស្រី បន្ដថា បច្ចុប្បន្ននេះ មានជនខិលខូចធ្វើជាក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ ដោយបានទារលុយពីអ្នក ចាក់វ៉ាក់សាំង ហើយក្រសួងក៏បានដោះស្រាយបញ្ហាទាំងនេះ រួចរាល់ដែរ។ លោកស្រី ប្រកាសថា ការចាក់វ៉ាក់សាំង គឺគ្មានគោលយកថវិកាឡើយ បើមានជនណាយកថវិកា ត្រូវរាយការទៅក្រសួងសុខាភិបាលភ្លាមៗ ដើម្បីចាក់វិធានការ តាមផ្លូវ។លោកស្រី បន្ថែមថា ក្រសួងសុខាភិបាល ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងកូវីដ-១៩ បានយ៉ាងត្រឹមត្រូវ និងតាមគោលការណ៍ណែនាំរបស់ រាជរដ្ឋាភិបាល។

លោកស្រី បញ្ជាក់ថា «ខ្ញុំសូមប្រកាសថា ជនខិលខូចត្រូវដកខ្លួនចេញ សូមឈប់ប្រព្រឹត្តិនូវអំពើនេះ(ទារយកលុយ)  អស់លោកមិនចំណេញអីទេ ទារគាត់៤០ដុល្លារ យកទៅមិនរស់ទេ ហើយវាអាក្រកទៀត ហើយសំខាន់នោះ ខុសអំពី គោលនយោបាយរបស់ ប្រមុខរាជរដ្ឋាភិបាល ចឹងបើសិនជនប្រព្រឹត្តិបែបនេះ មានន័យថា គាត់ប្រព្រឹត្តិខុសច្បាប់ ចឹងប្រយ័ត្នរកមុខឃើញ ត្រូវទទួលទោសតាមផ្លូវច្បាប់ហើយ»។

លោកស្រី ក៏បានបញ្ជាក់ទៀតថា «សូមឲ្យបញ្ឈប់ជាបន្ទាន់ ប្រសិនបើកន្លែងណាមួយមានហេតុការនេះកើតឡើង (ទារយកលុយ) ហើយសូមបងប្អូនកុំចាញ់បោកបន្ដទៀត ហើយបងប្អូនកុំភ័យ កុំខ្លាចអ្វីទាំងអស់»។

ក្រោយមានប្រជាពលរដ្ឋមួយចំនួនចោទសួរថា មូលហេតុអ្វីចាក់វ៉ាក់សាំងកូវីដ-១៩ហើយ នៅឆ្លងជំងឺកូវីដ-១៩ទៀត  រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានឆ្លើយតបវិញថា ទោះបីប្រជាពលរដ្ឋចាក់វ៉ាក់សាំងរួចរាល់ក៏ដោយ នៅតែឆ្លង ជំងឺកូវីដ-១៩ ប្រសិនបើប្រជាពលរដ្ឋមិនប្រុងប្រយ័ត្នចំពោះខ្លួនឯង ត្រូវបន្ដអនុវត្តវិធានការ ៣ការពារ និង៣កុំ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិបានចាក់វ៉ាក់សាំងការពារ កូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសចំនួន ៣,០០០,២៦៤នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ មកដល់ពេលនេះបានចំនួន៣០% ហើយ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ