(បរទេស)៖ យុវជនកូរ៉េខាងជើង ត្រូវបានផ្តន្ទាទោសឱ្យជាប់ឃុំក្នុងជំរុំការងារ ពី១០ទៅ១២ឆ្នាំ ពីបទមើលរឿងភាគកូរ៉េខាងត្បូងជាច្រើនរួមទាំងរឿង Penthouse។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AllK-pop នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។
ការកាត់ទោសបានធ្វើឡើងបើកចំហ នៅឯពហុកីឡាដ្ឋានមួយក្នុងខេត្ត Pyongsong ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី០៣ ខែមិថុនា។ យុវជនទាំង៤រូបនេះត្រូវបានចោទប្រកាន់ថាបានជួបជុំគ្នាដើម្បីមើលរឿងភាគកូរ៉េខាងត្បូងរហូតដល់យប់ជ្រៅ ដើម្បីអបអរថ្ងៃកំណើត កាលពីថ្ងៃទី ២៥ ខែឧសភា មានទាំង ខ្សែភាពយន្តនិងរឿងភាគជាង ៣០របស់កូរ៉េខាងត្បូង រួមជាមួយវីដេអូចម្រៀងផងដែរ។
សូមបញ្ជាក់ថា ការមើលរឿងភាគឬចម្រៀងរបស់កូរ៉េខាងត្បូង ត្រូវគេចាត់ទុកថាជាទង្វើរំលោភលើច្បាប់បដិវត្តវប្បធម៌ប្រឆាំងមនោគមន៍វិជ្ជារបស់កូរ៉េខាងជើង។ ច្បាប់នេះត្រូវបានអនុម័តកាលពីចុងឆ្នាំមុន ដោយប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមត្រួតត្រាយ៉ាងហ្មត់ចត់នូវគំនិតប្រឆាំងនឹងសង្គមនិយមលំហូរវប្បធម៌និងសកម្មភាពផ្សព្វផ្សាយរបស់បរទេស៕PP