(ភ្នំពេញ)៖សម្តេចតេជោ ហ៊ុន សែន បាននឹងកំពុងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលជាន់ខ្ពស់តាមជើងយន្តហោះកម្ពុជាពិសេសឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស។ មេដឹកនាំអាស៊ានភាគច្រើននឹងទៅដល់ទីក្រុងហ្សាកាតានៅរសៀលនេះ។នេះបើតាមផេកផ្លូវការសម្តេចតេជោ នារសៀលថ្ងៃទី២៣ខែមេសាឆ្នាំ២០២១នេះ។ 

តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សម្តេចនឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន និងជំនួបមួយចំនួនជាមួយបណ្ដាមេដឹកនាំអាស៊ានផ្សេងទៀត។ ក្រោយពីចប់កិច្ចប្រជុំពេញមួយថ្ងៃហើយសម្តេចនឹងវិលត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងែទី២៤ មេសា ដដែលនេះ។ 

ពេលមកដល់កម្ពុជាភ្លាម សម្តេចតេជោ និងគណៈប្រតិភូនឹងផ្ដល់សំណាកដើម្បីពិនិត្យកូវីដ១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដងដើម្បីធានាសុវត្ថិភាពសុខភាពទាំងអស់គ្នា។ 

សូមបញ្ជាក់ថា ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់អាជ្ញាធរ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ដែលបានយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការការពារកូវវីដ១៩ ដើម្បីថែរក្សាការពារអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងការផ្គត់ផ្គង់ស្បៀងអាហារជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ សម្តេចបានអរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលនិងចូលរួមឧបត្ថម្ភដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយស្បៀងអាហារ។ សម្តេចតេជោ បានអំពាវនាវឱ្យបងប្អូនបន្តរស់នៅក្នុងផ្ទះ និងអនុវត្តវិធានការការពារកូវីដ១៩ អោយបានខ្ជាប់ខ្ជួនបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ