ប្រជាជនមីយ៉ាន់ម៉ា៤០០នាក់ហើយ បានភៀសខ្លួនចូលដីថៃ តាមច្រកព្រំដែនក្នុងភូមិម៉ែឡា ក្នុងខេត្តតាក ខណៈក្រុមប្រឆាំងរបបសឹកវាយប្រហារមូលដ្ឋានយោធា
មីយ៉ាន់ម៉ា៖ ប្រជាជនមីយ៉ាន់ម៉ាជាង៤០០នាក់ បានភៀសខ្លួនឆ្លងព្រំដែនចូលទឹកដីថៃ ក្រោយក្រុមប្រដាប់អាវុធជនជាតិភាគតិចទម្លាក់គ្រាប់បែកដូចភ្លៀងធ្លាក់ ចេញពីយន្តហោះគ្មានមនុស្សបើក លើមូលដ្ឋានយោធា។
ការប្រយុទ្ធគ្នាភាគច្រើនបានផ្តោតលើការគ្រប់គ្រងច្រកឆ្លងកាត់ព្រំដែន ដើម្បីដណ្តើមគ្រប់គ្រងច្រកទ្វារពាណិជ្ជកម្ម និងផ្លូវរត់ពន្ធ។យោធាថៃបានឱ្យដឹងថា កងទ័ពរំដោះជាតិការ៉ែន និងអង្គការការពារជាតិការ៉ែន បានប្រើយន្តហោះគ្មានមនុស្សបើកវាយប្រហារទម្លាក់គ្រាប់បែកលើមូលដ្ឋានយោធាព្រំដែនមួយនៅម៉ោងប្រហែល៤:៤៥ព្រឹក (ម៉ោងនៅមីយ៉ាន់ម៉ា)។
ក្នុងនោះផងដែរ «ជនភៀសខ្លួនចំនួន៤១៤នាក់ពីប្រទេសមីយ៉ាន់ម៉ាបានភៀសខ្លួនឆ្លងចូលទឹកដីថៃនៅជិតភូមិម៉ែឡា ក្នុងខេត្តតាក ប្រហែល៤០០គីឡូម៉ែត្រភាគពាយព្យនៃរាជធានីបាងកក»។ សេចក្ដីថ្លែងការណ៍បានបន្ថែមថា ជនភៀសខ្លួនទាំងនេះ ត្រូវបានគេដាក់ឱ្យស្នាក់នៅក្នុងប្រាសាទ និងវត្តក្បែរនោះ ខណៈទាហានថៃបានបង្កើនការល្បាតតាមព្រំដែន៕