ទោះកំពុងជាប់ឃុំ នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ក៏ដោយ បុរសខ្លាំងហ្វីលីពីន លោក ឌូធើតេ នៅតែមានឥទ្ធិពល រហូតទទួលសម្លេងគាំទ្រ ស្ទើរ១០០ ក្លាយជាអភិបាលក្រុងដាវ៉ៅ
ហ្វីលីពីន៖ អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ ស្ទើរតែប្រាកដ ១០០ភាគរយក្នុងការជាប់ឆ្នោតភ្លូកទឹកភ្លូកដីជាអភិបាលក្រុង នៅឯស្រុកកំណើតរបស់លោកនៅថ្ងៃអង្គារទី១៣ ខែឧសភានេះ បើទោះបីជាលោកស្ថិតក្រោមការឃុំខ្លួននៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ក្រោមការចោទប្រកាន់ពីបទមនុស្សឃាត ដែលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក៏ដោយ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានCNNនៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥។
យ៉ាងណា ពេលនេះ លោក ឌូធើតេ ទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគូប្រជែងរបស់លោកចំនួន៨ដង ក្នុងការប្រកួតប្រជែងតំណែងអភិបាលក្រុងដាវ៉ៅ។ ការបូកសរុបជាបឋមក្រៅផ្លូវការជាមួយការបង្ហាញថា សន្លឹកឆ្នោត៨០ភាគរយគាំទ្រលោក ឌូធើតេ ជាអភិបាលក្រុង ទោះបីជារូបកាយរបស់លោកត្រូវបានជាប់ឃុំនៅទីក្រុងឡាអេ ជុំវិញសង្គ្រាមប្រឆាំងគ្រឿងញៀនដ៏បង្ហូរឈាម ដោយបានសម្លាប់រង្គាលមនុស្សរាប់ពាន់នាក់ក៏ដោយ។
សូមបញ្ជាក់ថា បើយោងតាមអង្គការក្រៅរដ្ឋាភិបាល លោក ឌុយទែរតេ បានរងបទចោទ ជុំវិញសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលលោកបានប្រព្រឹត្ត នៅចន្លោះឆ្នាំ២០១១ ទៅឆ្នាំ២០១៦ ក្នុងយុទ្ធនាការសង្គ្រាមប្រឆាំងគ្រឿងញៀនទ្រង់ទ្រាយធំ នៅទូទាំងប្រទេសហ្វីលីពីន។ សវនាការជំនុំជម្រះអតីតប្រធានាធិបតីហ្វីលីពីនបានបង្កឲ្យមានមតិគាំទ្រ និងប្រឆាំងនៅក្នុងចំណោមប្រជាជនហ្វីលីពីន។ នៅថ្ងៃសុក្រម្សិលមិញ ទាំងអ្នកប្រឆាំង និងអ្នកគាំទ្រលោកឌុយទែរតេ រួមមានកូនស្រីរបស់លោកផងបានលើកគ្នាធ្វើបាតុកម្មនៅមុខទីស្នាក់ការរបស់តុលាការអន្តរជាតិក្នុងទីក្រុងឡាអេ៕