(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់ថា មានករណីមន្ត្រីពន្លត់អគ្គិភ័យមួយចំនួន បានទៅដល់កន្លែងកើតហេតុហើយមិនធ្វើសកម្មភាពបាញ់ពន្លត់អគ្គិភ័យ បែរជានៅតថ្លៃជាមួយជាមួយជនរងគ្រោះ។
សម្តេចក្រឡាហោម ស ខេង បានកត់សម្គាល់បែបនេះក្នុងពេលអញ្ជើញប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥ នៅខេត្តកណ្ដាល នាព្រឹកថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។
ឆ្លើយទៅនឹងភាពខុសឆ្គងរបស់មន្ត្រីពន្លត់អគ្គិភ័យនេះ សម្តេចក្រឡាហោម ស ខេង បានស្នើទៅដល់គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ពិនិត្យ និងត្រូវលុបបំបាត់ឱ្យខានតែបាន។
សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់បែបនេះ «ឡានទៅដល់ហើយបញ្ឈរច្រូងនៅកន្លែងកើតហេតុហ្នឹងតែអត់ទាន់បាញ់ទេ។ មានភ្លើងផ្លឹបផ្លេតនៅហ្នឹង ឡានព្រោងព្រាត អត់ទាន់បាញ់នៅតថ្លៃគ្នាសិន។ ឃើញទេ អានេះដែលចង់និយាយថាសមត្ថកិច្ចយើងខុសហើយ ប្រតិបត្តិករយើងខុសហើយ មិនត្រូវទេ។ អ៊ីចឹងហើយបានថាគ្រប់កន្លែង ជាពិសេសទីប្រជុំជនទីក្រុង គឺត្រូវមើលអាហ្នឹង។ មានឡាន ឡានរបស់រដ្ឋ ប្រេងរបស់រដ្ឋ លោកស៊ីប្រាក់ខែរដ្ឋ ការពិតហើយជួនគ្នាប្រាក់ខែតិចតួច យើងយល់បញ្ហាហ្នឹង យើងត្រូវមានគោលនយោបាយលើកទឹកចិត្ត។ ប៉ុន្តែបងប្អូនមិនត្រូវបំពេញបេសកកម្មដោយយកអាហ្នឹងធ្វើអាជីវកម្មផ្ទាល់ខ្លួនទេ អាហ្នឹងវាអត់ត្រូវទេ ខុស។ សូមឱ្យគណៈបញ្ជាការរាជធានី-ខេត្តទាំងអស់យកចិត្តទុកដាក់ ដើម្បីត្រួតពិនិត្យបញ្ហាហ្នឹង ដោះស្រាយបញ្ហាហ្នឹងកុំឱ្យវាមាន»។
សម្តេចក្រឡាហោម បន្តទៀតថា «យើងសុខចិត្តថា ត្រូវថែមប្រាក់ឧបត្ថម្ភ ឬប្រាក់លើកទឹកចិត្ត ក្នុងករណីមួយៗទៅវិញ កុំទៅតថ្លៃ។ តថ្លៃយ៉ាងម៉េច? គ្នាកំពុងរងគ្រោះ ភ្លើងវាឆេះផ្ទះ ទៅតថ្លៃថាប៉ុណ្ណេះមក បានយើងបាញ់ឱ្យអាហ្នឹងមិនងាប់គ្នាទៀតហើយ បានលុយពីណាឱ្យ បើលុយវានៅក្នុងភ្លើងអស់ហើយ»។