នៅទីបំផុត! បវរកញ្ញាឯកនៃកម្ពុជា កញ្ញា សេង រដ្ឋា ត្រូវបានដកហូតតំណែង និងមិនទទួលបានប្រាក់រង្វាន់នោះទេ
រឿងរ៉ាវដែលបានអូសបន្លាយពេលអស់ជិតមួយខែ រវាងកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា កញ្ញា សេង រដ្ឋា ឬហៅថាMiss Grand Cambodia 2020 ត្រូវបានបញ្ចប់នៅថ្ងៃនេះហើយបន្ទាប់ពីមានការជួបចរចាគ្នានៅថ្ងៃនេះ ដោយយល់ព្រមដកហូតតំណែងជាបវរកញ្ញាឯកពីកញ្ញា សេង រដ្ឋា ខណៈពេលដែលការបញ្ចប់នេះនឹងមិនប្រគល់ជូនប្រាក់រង្វាន់ដល់ Miss Grand Cambodia 2020 នេះឡើយ។
នៅក្នុងកិច្ចព្រមបញ្ចប់វិវាទនេះដែរ បានសរសេរថា ភាគីខាងក្រុមហ៊ុនសម្រេចដកដំណែងកញ្ញា សេង រដ្ឋា ចេញពី Miss Grand Cambodia2020 ក៏ដូចជាយល់ព្រមបញ្ចប់កិច្ចសន្យា ឬកុងត្រាជាមួយគ្នា ហើយខាងកញ្ញា សេង រដ្ឋា ក៏មិនទទួលយករង្វាន់ ក៏ដូចជានាងយល់ព្រមប្រគល់ជូនម្កុដ ឈៀង និងពានជ័យលាភី ទៅកាន់ក្រុមហ៊ុនវិញ។
បន្ថែមពីលើនេះក្នុងកិច្ចសន្យានោះដែរបានបញ្ជាក់ថាភាគីទាំងសងខាងនឹងមិនបំពានគ្នាទៅវិញទៅមក ផងដែរ ដោយមិនបង្ហោះសារលើបណ្តាញសង្គមដែលធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ កិត្តិយស សេចក្ដីថ្លៃថ្នូរ គ្នាទៅវិញទៅមកនោះទេ។
ស្របពេលជាមួយគ្នានោះដែរ ខាងក្រុមហ៊ុនគ្រប់គ្រង Miss Grand Cambodia ក៏បានធ្វើការបង្ហោះសារមួយថា “បន្ទាប់ពីបានជួបពិភាក្សាគ្នារវាងមេធាវីភាគីខាងក្រុមហ៊ុន និងមេធាវីភាគីខាងកញ្ញា សេង រដ្ឋា ដូចនេះគូភាគីទាំងពីរក៏បានសម្រេចធ្វើទៅតាមកិច្ចព្រមព្រៀងបញ្ចប់វិវាទតាមផ្លូវច្បាប់ដែលបានកំណត់ដូចខាងក្រោម សូមបណ្តាអ្នកគាំទ្រទាំងអស់មេត្តាពិនិត្យមើលកិច្ចព្រមព្រៀងចុងក្រោយ និងកុងត្រាដែលភាគីខាងក្រុមហ៊ុនបានធ្វើរួមគ្នាជាមួយ ភាគីខាងកញ្ញា សេង រដ្ឋា”៕