ខេត្តព្រះសីហនុ ៖ ថ្ងៃច័ន្ទ ១០ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃើញគណនេយ្យហ្វេសប៊ុកខាងលើបង្ហោះ ពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់ខ្លួន លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជារអោយលោកវរសេនីយ៍ឯក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ ដឹកនាំកម្លាំងចុះទៅស្រាវជ្រាវជាបន្ទាន់ ជាលទ្ធផលរកឃើញថា នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២០:០៧នាទី ឈ្មោះ ទឹម ចំរ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើកបរ បានទូរស័ព្ទមកឈ្មោះ តាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង ដោយស្តាប់ទូរស័ព្ទមានការភាន់ច្រឡំគ្នាធ្វើអោយមានការលើសលួសពាក្យសម្តីរវាងឈ្មោះ តាន់ ពិសិដ្ឋ និង ឈ្មោះ ទឹម ចំរ៉ុង និងឈានដល់ការជួបគ្នាបង្កការប្រវាយប្រតប់គ្នាររហូតមានកម្លាំងប្រជាការពារចំនួន០៤នាក់ចូលមកឃាត់ និងបានវាយទៅលើឈ្មោះ ទឹម ចំរ៉ុង បណ្តាលឲ្យរងរបួសស្រាលតែម្តង។ 

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានកោះហៅភាគីទាំងពីរមកធ្វើការសម្របសម្រួលគ្នានៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាម ដោយភាគីលោក តាន់ ពិសិដ្ឋ យល់ព្រមទទួលស្គាល់កំហុស និងធ្វើការសូមទោសទៅកាន់លោក ទឹម ចំរ៉ុង ដែលបានរងបួសស្រាល ហើយភាគីទាំងពីរក៏បានធ្វើកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ ដោយសន្យាថានឹងមិនប្តឹងផ្តល់បន្តទៀតនោះទេ ដោយសារតែកំហុសគ្រប់យ៉ាងកើតចេញពីការយល់ច្រឡំប៉ុណ្ណោះ។

ចំពោះករណីនេះ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យកោះហៅឈ្មោះ តាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំងមកធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តអំពើខុសឆ្គងបន្តទៀត។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបានចូលរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាចូលរួមចំណែកក្នុងការរិះគន់កែលម្អចំពោះការអនុវត្តតួនាទីភារកិច្ចរបស់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ