(សៀមរាប)៖ ប្រជាពលរដ្ឋម្នាក់ បានត្រូវចោរ មកចូល លួចយកគោយន្ត ដល់ក្នុងបរិវេណផ្ទះ កាលពីវេលាម៉ោង ៤ និង៤០នាទី ទៀបភ្លឺ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ភូមិត្រពាំងទឹម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរា។
ជនរងគ្រោះឈ្មោះ ស៊ន់ ថាញ់ ភេទប្រុស អាយុ ៣៥ ឆ្នាំ ស្នាក់នៅ បណ្តោះអាសន្នទីតាំងកើតហេតុខាងលើ។
គាត់បានឲ្យដឹងថា គោយន្តកន្រ្តៃរបស់គាត់ តែងតែទុកក្បែរ ចំហៀងផ្ទះ ដូចសព្វមួយដង ពុំបានយក (ម៉ាឡាវេន) ប្រដាប់បញ្ឆេះ ចេញនោះទេ ហើយក៍មិនបានចាក់សោសុវត្តិភាពដែរ។ នៅយប់កើត ហេតុនេះ មុនចូលដេក គាត់បានពិនិត្យមើលទ្រព្យសម្បត្តិរបស់គាត់ រួចរាល់ហើយ , លុះចូលដេក លក់ដល់ម៉ោងមួយ រំលងអធ្រាត្រ គាត់ បាន ឮសំលេងឆ្កែព្រុស គាត់ក៏ភ្ញាក់ រួចក៍ដេកទៅវិញ ព្រោះយប់មិញនេះ ភ្លៀងធ្លាក់ខ្លាំង គាត់មិនចាប់អារម្មណ៍ ក៍ដេកទៅវិញ។ លុះដល់ម៉ោង ៤និង៣០នាទី ទៀបភ្លឺ គាត់ភ្ញាក់ពីដេក ក្រោកទៅមើលគោយន្ត ក៍បាត់ ពីកន្លែងទុកតែម្តង។
នគរបាលស្រុកស្វាយលើ ខេត្តសៀមរាប បាននិយាយថាៈ ជនរងគ្រោះ បានបាត់គោយន្តកន្រ្តៃ មួយគ្រឿង ម៉ាកស្យាមអូរ៉ាបូ បំពាក់ម៉ាស៊ីន កំលាំង ១៤ សេស ពណ៌ក្រហម រ៉ឺម៉កសណ្ដោង ធ្វើអំពីដែក លាបថ្នាំ ពណ៌ខ្មៅ ដែលបង្ករឡើង ដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានចូលលួច នៅផ្ទះរបស់គាត់។
នៅពេលទទួលបានសេចក្តីរាយការណ៍ កំលាំងប៉ុស្តិ៍នគរបាល រដ្ឋបាល តាសៀម បានចុះដល់កន្លែងកើតហេតុ គឺដឹងថា ពិតជាបាត់មែន ហើយ កំលាំងប៉ុស្តិ៍ បានទទួលបញ្ជា ពីផ្នែកជំនាញ បើកប្រតិបត្តិការ សហការ ជាមួយ ប្រជាការពារ និងប៉ុស្តិ៍ជាប់ព្រំប្រទល់ ដើម្បីស្ទាក់ស្កាត់តាមផ្លូវ ក្នុងភូមិសាស្រ្ត ប៉ុន្តែពុំបានទទួលលទ្ធផលឡើយ។
នគរបាល បាននិយាយថា កំលាំងបានចុះទៅពិនិត្យកន្លែងកើតហេតុ គឺមានសត្វឆ្កែងាប់ ចំនួនមួយក្បាល នៅខាងត្បូងផ្ទះជនរងគ្រោះ ចំងាយ ២០ ម៉ែត្រ និងបានពិនិត្យឃើញគន្លងគោយន្ត បើកចេញមក មុខផ្ទះ ហើយដល់លើផ្លូវក្រួសក្រហម ក៍បើកទៅទិសខាងជើង ក្រៅពីនេះ ពុំរកឃើញស្លាកស្នាម អ្វីទៀតឡើយ៕