អគ្គស្នងការនគរបាលជាតិដាក់បទបញ្ជាឱ្យកងកម្លាំងទប់ស្កាត់ការប្រមូលផ្តុំគ្នា បញ្ជៀសការរីករាលដាលជំងឺកូវីដ-១៩ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ
ក្នុងសេចក្តីណែនាំចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានណែនាំឱ្យកងកម្លាំងសហការជាមួយអាជ្ញាធរមូលដ្ឋានក្តាប់ឱ្យបានពីវត្តមាន និងស្ថានភាពពលករចំណាកស្រុកដែលវិលត្រឡប់ពីក្រៅប្រទេសដើម្បីបន្តអប់រំ និងបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ឯកឧត្ដម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ចេញបទបញ្ជាឱ្យកម្លាំងក្រោមឱវាទតាមដាន និងធ្វើការទប់ស្កាត់ចំពោះការប្រមូលផ្តុំគ្នាជួបជុំរៀបចំកម្មវិធីកម្សាន្តបែបប្រពៃណី និងការជួបជុំកម្សាន្តសប្បាយតាមទីសាធារណៈដើម្បីបង្ការ ទប់ ស្កាក់ការរីករា លដាលជំងឺកូវីដ-១៩ ដែលកម្ពុជាក៏ដូចជាពិភពលោកទាំងមូលបាននិងកំពុងប្រឈមនាពេលនេះ។
ជាមួយគ្នានេះ ត្រូវបង្កើនកិច្ចសហការជាមួយអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដើម្បីដោះស្រាយនូវរាល់សំណូមពររបស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា ពិសេសដាក់កម្លាំងការពារតាមគោលដៅអាទិភាពដូចជា មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យ និងគោលដៅដាក់ឱ្យនៅដាច់ដោយឡែកដែលត្រូវបានកំណត់ដោយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គ្រប់ថ្នាក់។
ឯកឧត្ដម នាយឧត្តមសេនីយ៍ក៏បានណែនាំឱ្យត្រៀមកម្លាំងអន្តរាគមន៍ និងមធ្យោបាយ សម្ភារៈ សំដៅរួមចំណែកក្នុងការអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាល និងស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ