YANGON៖ ប៉ូលីសមីយ៉ាន់ម៉ាបានដាក់ការចោទប្រកាន់លើមេដឹកនាំដែលត្រូវបានដកចេញពីតំណែងលោកស្រី អ៊ុងសាន ស៊ូជី ពីបទនាំចូលឧបករណ៍គមនាគមន៍ខុសច្បាប់ ហើយលោកស្រីនឹងត្រូវឃុំខ្លួនរហូតដល់ថ្ងៃទី ១៥ ខែកុម្ភៈ នេះបើយោងតាមឯកសារប៉ូលីសដែលត្រូវបានគេមើលឃើញដោយ ទីភ្នាក់ងារសារព័ត៍មាន រ៉យទ័រ នៅថ្ងៃពុធ ទី៣ ខែកុម្ភៈ។

កងទ័ពមីយ៉ាន់ម៉ាបានដណ្តើមអំណាចកាលពីថ្ងៃច័ន្ទ ដោយបានឃុំខ្លួនអ្នកឈ្នះរង្វាន់ណូបែលលោកស្រី អ៊ុងសាន ស៊ូជី និងកាត់បន្ថយការផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យក្នុងរយៈពេលខ្លី ដែលបានធ្វើឱ្យមានការប្រឆាំងពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច។


យោងតាមឯកសារដែលមានបោះត្រាប៉ូលីស ដែលត្រូវបានគេមើលឃើញដោយ AFP ក្រុមយោធាមកពីការិយាល័យអគ្គមេបញ្ជាការ បានឆែកឆេរគេហដ្ឋានរបស់លោកស្រី អ៊ុងសាន ស៊ូជី នៅម៉ោង ៦ និង ៣០ នាទីព្រឹក កាលពីថ្ងៃច័ន្ទ។ ពួកគេបានរកឃើញយ៉ាងហោចណាស់មានវិទ្យុទាក់ទង (walkie talkies) ចំនួន ១០ គ្រឿង និងឧបករណ៍ទំនាក់ទំនងផ្សេងទៀត។

ឧបករណ៍ទាំងនេះត្រូវបានគេចាត់ទុកថា ជាភ័ស្តុតាង “ដាក់ពាក្យបណ្តឹងដើម្បីចាត់វិធានការប្រឆាំងនឹងលោកស្រី អ៊ុងសាន ស៊ូជី ដែលបាននាំចូល និងប្រើប្រាស់ឧបករណ៍ទំនាក់ទំនងទាំងនេះដោយគ្មានការអនុញ្ញាត” ។

ឯកសារនេះបានស្នើសុំការឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី “ដើម្បីសាកសួរសាក្សី ស្នើសុំភ័ស្តុតាង និងស្វែងរកមេធាវីស្របច្បាប់បន្ទាប់ពីសាកសួរចុងចោទ” ។

ឯកសារដោយឡែកមួយផ្សេងទៀតបានបង្ហាញថា ប៉ូលីសបានដាក់ការចោទប្រកាន់ប្រឆាំងនឹងប្រធានាធិបតីលោក Win Myint ដែលត្រូវបានដកចេញពីតំណែងពី បទល្មើសក្រោមច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ។

ឯកសារនោះបាននិយាយថា Win Myint នឹងភរិយារួមទាំងកូនស្រីរបស់គាត់ បានចូលរួមនៅក្នុងយុទ្ធនាការមួយកាលពីខែកញ្ញា ដែលបានទាក់ទាញមនុស្សរាប់រយនាក់ ដែលនោះជាសកម្មភាពដែលរំលោភលើការរឹតបន្តឹងវីរុស COVID-19  ។

ដោយឡែកទីភ្នាក់ងារសារព័ត៍មានរ៉យទ័រ មិនអាចទាក់ទងប៉ូលីសរដ្ឋាភិបាល ឬតុលាការដើម្បីសុំការអត្ថាធិប្បាយបាននៅឡើយទេ។

មួយវិញទៀត គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី បាននិយាយនៅមុននេះក្នុងសេចក្តីថ្លែងការណ៍មួយថា ការិយាល័យរបស់ខ្លួនត្រូវបានគេវាយឆ្មក់នៅក្នុងតំបន់ជាច្រើន ហើយបានជំរុញឱ្យអាជ្ញាធរបញ្ឈប់នូវអ្វីដែលគេហៅថាសកម្មភាពខុសច្បាប់ បន្ទាប់ពីទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ៨ ខែវិច្ឆិកា។

មន្ដ្រីទទួលបន្ទុកព័ត៌មានរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការថា “យើងទទួលបានព័ត៌មានដែលអាចជឿទុកចិត្តបានដែលតុលាការ Dakhinathiri បានឃុំខ្លួនដើម្បីរងចាំការកាត់ទោសចំនួន ១៤ ថ្ងៃចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែកុម្ភៈ ប្រឆាំងនឹងលោកស្រី អ៊ុងសាន ស៊ូជី ក្រោមការចោទប្រកាន់ពីបទរំលោភច្បាប់នាំចូល / នាំចេញ” ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ