បុរសអាយុ១៨ ឆ្នាំ នៅទីក្រុងឡុងដ៍ ត្រូវបានចោទប្រកាន់ពីបទបាញ់សម្លាប់សកម្មជន Black Lives Matter
អង់គ្លេស៖ ប៉ូលីសអង់គ្លេសបាននិយាយកាលពីថ្ងៃសុក្រថា បុរសម្នាក់នៅទីក្រុងឡុងដ៍ អាយុ ១៨ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើឃាតកម្មពាក់ព័ន្ធនឹងការបាញ់សម្លាប់សកម្មជន Black Lives Matter ឈ្មោះ Sasha Johnson ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ។
ប៉ូលីសនៅទីក្រុងឡុងដ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Cameron Deriggs នឹងបង្ហាញខ្លួននៅឯតុលាការ Westminster Magistrates នៅថ្ងៃសៅរ៍។ Cameron Deriggs គឺជាបុរសម្នាក់ក្នុងចំណោមបុរស ៥ នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងករណីនេះកាលពីថ្ងៃពុធ ពីបទសង្ស័យប៉ុនប៉ងធ្វើឃាត។ ចំណែក ៤ នាក់ទៀត ត្រូវបានដោះលែងឱ្យនៅក្រៅឃុំរហូតដល់ខែក្រោយ។
ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា Sasha Johnson អាយុ ២៧ ឆ្នាំ ជាម្តាយមានកូន ២ នាក់ បានចូលរួមពិធីជប់លៀងមួយកាលពីថ្ងៃអាទិត្យ នៅពេលដែលបុរស ៤ នាក់ បានចូលទៅ ហើយបានបើកការបាញ់ប្រហារ។
គួររលឹកថា Sasha Johnson គឺជាឥស្សរជនឈានមុខគេនៅក្នុងចលនា Black Lives Matter នៅចក្រភពអង់គ្លេស និងជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិដឹកនាំគណបក្ស។ NR