បរទេស៖ ក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់នៅថ្ងៃសុក្រនេះថា មន្រ្តីមកពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន នឹងរៀបចំកិច្ចប្រជុំស្តីពីកូរ៉េខាងជើង នៅសប្តាហ៍ក្រោយ នៅទីក្រុងតូក្យូ។

ប្រទេសទាំង៣ បានពិភាក្សាគ្នា អំពីវិធីដើម្បីបំបែកការប្រឈមមុខដាក់គ្នាជាមួយកូរ៉េខាងជើង ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោង ដែលក្លាយជាទណ្ឌកម្មអន្តរជាតិ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Noh Kyu-duk តំណាងពិសេសរបស់ទីក្រុងសេអ៊ូលសម្រាប់កិច្ចការសន្តិសុខនិងសន្តិភាពនៅឧបទ្វីបកូរ៉េ នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃអាទិត្យនេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ៣ ថ្ងៃ។

នៅទីនោះលោកនឹងជួបជាមួយបេសកជនអាមេរិកប្រចាំប្រទេសកូរ៉េខាងជើង លោក ស៊ុង គីម និងលោក Takehiro Funakoshi អគ្គនាយកនៃការិយាល័យកិច្ចការអាស៊ីនិងអូសេអានីនៃក្រសួងការបរទេសជប៉ុន។ មន្រ្តីនឹងពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសរបស់ពួកគេ។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា “ប្រទេសទាំង៣ រំពឹងទុកថានឹងមានកិច្ចពិភាក្សាយ៉ាងស៊ីជម្រៅអំពីវិធីដើម្បីជំរុញកិច្ចសហប្រតិបត្តិការដើម្បីគ្រប់គ្រងស្ថានការណ៍នៅឧបទ្វីបកូរ៉េឱ្យមានស្ថិរភាព និងដំណើរការឡើងវិញនូវដំណើរការសន្តិភាពនៅឧបទ្វីប” ។

សេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសអាមេរិកក៏បាននិយាយថា លោក ស៊ុង គីម នឹងធ្វើដំណើរទៅទីក្រុងតូក្យូចាប់ពីថ្ងៃទី ១៣-១៥ ខែកញ្ញា ហើយនឹងពិភាក្សាអំពី “ការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ” និងបញ្ហាពលរដ្ឋជប៉ុនដែលកូរ៉េខាងជើងចាប់ជំរិតផងដែរ។ 

គួររំលឹកថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក បៃដិន បាននិយាយថា ខ្លួននឹងស្វែងរកការទូតដើម្បីសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប៉ុន្តែមិនបានបង្ហាញពីឆន្ទៈក្នុងការបន្ធូរបន្ថយទណ្ឌកម្មឡើយ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ