WASHINGTON៖ ពន្ធនាគារសហព័ន្ធមួយ នៅ Oakdale រដ្ឋ Louisiana បានដណ្តើមយកចំណងជើងជាតិ កាលពីខែមីនា ឆ្នាំ ២០២០ បន្ទាប់ពីការផ្ទុះជំងឺកូវីដ១៩ បានសម្លាប់អ្នកទោសយ៉ាងហោចណាស់ ៨ នាក់ និងមនុស្សជាង ១០០ នាក់ ឈឺ។
១៦ខែ ក្រោយមក អ្នកទោសប្រមាណ ៧០% ត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសនេះ ដែលអត្រានេះកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងបុគ្គលិកការិយាល័យពន្ធនាគារ (ហៅកាត់ BOP) មានតែ ៣៤% ប៉ុណ្ណោះ នៅទីនោះដែលបានទទួលវ៉ាក់សាំង។ នេះបើយោងតាមមេដឹកនាំសហជីពរបស់ Oakdale លោក Ronald Morris ប្រធានសហព័ន្ធនិយោជិករដ្ឋាភិបាលសហព័ន្ធអាមេរិកក្នុងតំបន់ ១០០៧ ។
អត្រាទាបឆ្លុះបញ្ចាំងពីរបៀបដែលការឆ្លើយតបចំពោះជំងឺកូវីដ១៩ មិនថាការចាក់វ៉ាក់សាំង ឬពាក់របាំងមុខដើម្បីកាត់បន្ថយការចម្លងអោយស្ថិតនៅក្នុងកំរិតទាប តែបានប្រែទៅជាបញ្ហាដែលប្រកាន់បក្សពួកនិយមនៅសហរដ្ឋអាមេរិកទៅវិញ ដោយឡែកបក្សពួកសាធារណរដ្ឋជាច្រើនបានបដិសេធ។
ការពិតដែលថា មានបុគ្គលិក Oakdale តិចតួចណាស់ដែលបានយល់ព្រមទទួលការចាក់វ៉ាក់សាំង នេះបញ្ជាក់ពីបញ្ហាដែលរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន នឹងប្រឈមមុខ ខណៈពេលដែលលោកព្យាយាមបញ្ជាឱ្យនិយោជិកសហព័ន្ធឱ្យទទួលការចាក់វ៉ាក់សាំង ឬប្រឈមនឹងការធ្វើតេស្តទៀងទាត់។
គួររំលឹកថា ក្នុងចំណោមបុគ្គលិកទាំងអស់របស់ក្រសួងយុត្តិធម៌ជាង ១០០,០០០ នាក់ បុគ្គលិក BOP ស្ថិតក្នុងចំណោមអ្នកដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគនេះ។ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត អ្នកទោសចំនួន ២៤០ នាក់ និងបុគ្គលិកចំនួន ៤ នាក់ នៅទូទាំងសហរដ្ឋអាមេរិក បានទទួលមរណភាពដោយសារជម្ងឺកូវីដ១៩ ។ NR