អន្តរជាតិ៖ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ(អ.ស.ប)បាននិយាយកាលពីដើមសប្ដាហ៍នេះថា សង្គ្រាមរយៈពេលប្រាំមួយខែរវាងយោធាស៊ូដង់ និងក្រុមប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់ប្រទេសនេះ បានសម្លាប់មនុស្សដល់ទៅ ៩ ០០០ នាក់ ហើយបង្កើតជាការភ័យខ្លាចផ្នែកមនុស្សធម៌ដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រសម័យថ្មីនេះ។  នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១៧ តុលា ២០២៣។

លោកអគ្គលេខាធិការរងអ.ស.ប  Martin Griffiths បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដើម្បីប្រារព្ធខួប៦ខែនៃសង្គ្រាមកាលពីថ្ងៃអាទិត្យថា«អស់រយៈពេលប្រាំមួយខែជនស៊ីវិលមិនបានស្រាកស្រាន្តពីការបង្ហូរឈាម និងការភ័យខ្លាចឡើយ។ លោកបន្តថា «របាយការណ៍ដ៏គួរឲ្យរន្ធត់ពីការរំលោភសេពសន្ថវៈ និងអំពើហិង្សាផ្លូវភេទ នៅតែបន្តកើតមាន»។

ប្រទេសស៊ូដង់បានធ្លាក់ចូលទៅក្នុងភាពចលាចលចាប់តាំងពីពាក់កណ្តាលខែមេសា នៅពេលដែលភាពតានតឹងរវាងក្រុមយោធា និងកងកម្លាំងគាំទ្ររហ័សដែលជាទាហានប៉ារ៉ារបស់ប្រទេស បានផ្ទុះទៅជាសង្គ្រាមដោយបើកចំហ។ 

យោងតាមទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិមនុស្សជាង ៤.៥ លាននាក់ត្រូវបានផ្លាស់ទី លំនៅនៅក្នុងប្រទេសស៊ូដង់ ខណៈជាង ១.២ លាននាក់ផ្សេងទៀត បានស្វែងរកការជ្រកកោននៅក្នុងប្រទេសជិតខាង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ