បាងកក៖ ក្រសួងការបរទេសថៃបានឲ្យថា ចំនួនពលរដ្ឋរបស់ខ្លួនដែលបានស្លាប់ ក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស់ កើនដល់៣៤នាក់ហើយ បន្ទាប់ពីរកឃើញអ្នកស្លាប់ ២នាក់បន្ថែមទៀត។ រីឯចំនួនពលរដ្ឋថៃចាកចេញពីប្រទេសអ៊ីស្រាអែល មកដល់មាតុប្រទេសវិញ កើនដល់ ជាង៨៦០០នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Nation នៅថ្ងៃទី ០៥ វិច្ឆិកា ២០២៣។

ក្រសួងការបរទេសថៃបានធ្វើបច្ចុប្បន្នភាព កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះថា ជនជាតិថៃពីរនាក់ទៀតត្រូវបានគេរាយការណ៍ថា បានស្លាប់ នៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ចំនួន៣៤នាក់។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់ថៃបានរាយការណ៍ថា ជនជាតិថៃជាង៨៦០០នាក់ហើយ ដែលបានវិលត្រឡប់មកពីប្រទេសអ៊ីស្រាអែល ទៅដល់ប្រទេសថៃវិញ គិតត្រឹមថ្ងៃពុធ សប្តាហ៍នេះ។

ក្រសួងការបរទេសថៃក៏បានបញ្ជាក់ដែរថា ជនជាតិថៃម្នាក់ទៀត ត្រូវបានក្រុមសកម្មប្រយុទ្ធហាម៉ាស់ចាប់ធ្វើជាចំណាប់ខ្មាំង ដែលធ្វើឱ្យចំនួនចំណាប់ខ្មាំងជាជនជាតិថៃនៅទីនោះ សរុបកើនដល់ ចំនួន២៤នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ