អូស្ទីន, តិចសាស៖ សមាជិកសភានៃរដ្ឋតិចសាស បានអនុម័តច្បាប់មួយដែលនឹងអនុញ្ញាតឱ្យមនុស្សភាគច្រើនអាចកាន់កាំភ្លើងខ្លី ដោយមិនចាំបាច់មានអាជ្ញាប័ណ្ណ។

តួយ៉ាង ច្បាប់របស់រដ្ឋ នាពេលបច្ចុប្បន្ន តម្រូវឱ្យអ្នកដែលកាន់កាំភ្លើងខ្លី ត្រូវមានអាជ្ញាប័ណ្ណ ទទួលការបណ្តុះបណ្តាល និងការត្រួតពិនិត្យពីប្រវត្តិរូប ទើបមានសិទ្ធិក្នុងការប្រើប្រាស់។ ប៉ុន្តែសមាជិកព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ នៅរដ្ឋតិចសាស បានបោះឆ្នោតទម្លាក់ការរឹតត្បិតនេះ បើទោះបីជាមានការព្រមានពីក្រុមអ្នកត្រួតពិនិត្យកាំភ្លើងថា វិធានការណ៍នេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ។

អ្នកគាំទ្រច្បាប់នេះនិយាយថា វានឹងអនុញ្ញាតឱ្យជនជាតិតិចសាស (Texans) ការពារខ្លួនពួកគេកាន់តែប្រសើរជាងមុននៅទីសាធារណៈ ខណៈពេលដែលលុបបំបាត់ចោលនូវឧបសគ្គដែលមិនចាំបាច់ទៅនឹងសិទ្ធិ កាន់កាប់ដោយរដ្ឋធម្មនុញ្ញ។ នៅពេលដែលច្បាប់នេះបានចុះហត្ថលេខាចូលជាធរមាន រដ្ឋតិចសាសនឹងចូលរួមជាមួយរដ្ឋជាង ២០ ផ្សេងទៀត ដែលអនុញ្ញាតឱ្យកាន់កាំភ្លើងខ្លីដោយមិនមានការគ្រប់គ្រង។

ទទឹមនឹងនេះ រដ្ឋតិចសាស មានច្បាប់កាំភ្លើងធូររលុងមួយចំនួននៅសហរដ្ឋអាមេរិក ហើយក៏អនុញ្ញាតឱ្យយកកាំភ្លើងវែងចេញជាសាធារណៈដោយគ្មានអាជ្ញាប័ណ្ណផងដែរ។ វិធានការណ៍ថ្មីនេះអាចអនុញ្ញាតឱ្យជនណាម្នាក់ដែលមានអាយុចាប់ពី ២១ ឆ្នាំឡើងទៅ កាន់កាំភ្លើងខ្លីបាន ដរាបណាពួកគេមិនមានការផ្តន្ទាទោសបទឧក្រិដ្ឋដោយហឹង្សា ឬការហាមឃាត់ស្របច្បាប់មួយចំនួនផ្សេងទៀត នៅក្នុងជីវប្រវត្តិរបស់ពួកគេ។

ជាងនេះទៀត ច្បាប់នេះនឹងនៅតែអនុញ្ញាតឱ្យអាជីវកម្មហាមឃាត់កាំភ្លើងនៅលើបរិវេនគ្រប់គ្រងអាជីវកម្មរបស់ពួកគេ និងរក្សាការត្រួតពិនិត្យក្នុងការឆែកប្រវត្តិរូបនៃសហព័ន្ធសម្រាប់ការទិញកាំភ្លើងមួយចំនួន។

គួររលឹកថា បន្ទាប់ពីឆ្លងកាត់ការបោះឆ្នោត ១៨-១៣ សម្លេង នៅក្នុងសមាជិកព្រឹទ្ធសភាកាលពីថ្ងៃច័ន្ទ ពេលនេះច្បាប់នេះនឹងត្រូវផ្ញើរទៅកាន់ លោក Greg Abbott ដែលលោកបានបង្ហាញរួចហើយ ថាលោកនឹងចុះហត្ថលេខាលើច្បាប់នេះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ