អាជ្ញាធរស៊ុយអែត និងដាណឺម៉ាក មិនអនុញ្ញាតឱ្យប្រតិបត្តិករ Nord Stream ចូលពិនិត្យកន្លែងធ្លាយបំពង់ហ្គាស
2 ឆ្នាំ មុន
អន្តរជាតិ៖ ប្រតិបត្តិករនៃបំពង់បង្ហូរហ្គាសក្រោមសមុទ្របាល់ទិកចំនួន២ ដែលភ្ជាប់ពីរុស្ស៊ី ទៅអាល្លឺម៉ង់ បានអះអាងថា អាជ្ញាធរដាណឺម៉ាក និងស៊ុយអែត មិនអនុញ្ញាតឱ្យពួកគេចូលពិនិត្យមើលកន្លែងដែលបំពង់លេចធ្លាយកាលពីសប្ដាហ៍មុននោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Channel News Asian នៅថ្ងៃ០៥ តុលា ២០២២។
ការអះអាងនេះ ធ្វើឡើងខណៈដែលអឺរ៉ុបកំពុងស៊ើបអង្កេតពីមូលហេតុដែលបណ្តាលមានការលេចធ្លាយចំនួន ៤ កន្លែងលើបំពង់បង្ហូរហ្គាស Nord Stream 1 និង Nord Stream 2 ដែលគេសង្ស័យថាជាការបំផ្លិចបំផ្លាញដោយក្រុមណាមួយ។
ក្រុមហ៊ុន Nord Stream 2 AG ដែលជាប្រតិបត្តិករនៃបំពង់បង្ហូរហ្គាស មានមូលដ្ឋាននៅប្រទេសស្វីសបានលើកឡើងកាលពីថ្ងៃអង្គារថា ខ្លួននឹងពិនិត្យមើលស្ថានភាពនៃបំពង់បង្ហូរ នៅពេលប៉ូលីសបញ្ជប់ការស៊ើបអង្កេតរបស់ខ្លួន ហើយការរឹតត្បឹតត្រូវបានដកចេញ៕RT