ALGIERS៖ រដ្ឋាភិបាលបានថ្លែងថា ភ្លើងឆេះព្រៃនៅអាល់ហ្សេរី (Algeria) បានសម្លាប់មនុស្ស ៤២ នាក់ កាលពីថ្ងៃអង្គារ រួមទាំងទាហាន ២៥ នាក់ ដែលត្រូវបានដាក់ពង្រាយដើម្បីជួយពន្លត់ភ្លើង ខណៈដែលផ្សែងក្រាស់បានគ្របដណ្តប់តំបន់ភ្នំកាប៊ីលី (Kabylie) ភាគខាងកើតនៃរដ្ឋធានី។
ភ្លើងឆេះរាប់សិបកន្លែងបានឆាបឆេះតំបន់ព្រៃនៅទូទាំងភាគខាងជើងអាល់ហ្សេរី ចាប់តាំងពីយប់ថ្ងៃច័ន្ទ ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Kamel Beldjoud បានចោទប្រកាន់អ្នកដុតភ្លើងថា បានបញ្ឆេះអណ្តាតភ្លើង តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការចោទប្រកាន់នេះទេ។ លោកបាននិយាយថា “មានតែដៃឧក្រិដ្ឋជនប៉ុណ្ណោះដែលអាចនៅពីក្រោយការផ្ទុះឡើងនៃអគ្គិភ័យ ប្រហែល ៥០ កន្លែង នៅទូទាំងតំបន់” ។
យ៉ាងណាម៉ិញ អ្នកស្រុកនៃតំបន់ Tizi Ouzou ក្នុងទីក្រុងកាប៊ីលី បានប្រើមែកឈើដើម្បីព្យាយាមកម្ទេចឈើដែលកំពុងឆេះ ឬបាចទឹកចេញពីធុងដើម្បីពន្លត់ភ្លើង។
ជាងនេះទៀតសោដ អ្នកស្រុក កាប៊ីលី បាននិយាយថា ទាហានត្រូវបានសម្លាប់នៅតំបន់ផ្សេងៗគ្នា ខណៈខ្លះកំពុងព្យាយាមពន្លត់ភ្លើង និងខ្លះទៀតបន្ទាប់ពីពួកគេត្រូវបានកាត់ផ្តាច់ដោយភ្លើងដែលកំពុងរាលដាល។ ស្របពេលជាមួយគ្នានេះ ក្រសួងការពារជាតិក៏បាននិយាយថា ទាហានច្រើននាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសាររលាកភ្លើង។
សាក្សីក៏បានអោយដឹងផងដែរថា ផ្ទះជាច្រើនត្រូវបានឆេះ ខណៈក្រុមគ្រួសារកំពុងរត់គេចទៅសណ្ឋាគារ ផ្ទះសំណាក់យុវជន និងអគារស្នាក់នៅរបស់សាកលវិទ្យាល័យ ដោយបន្ថែមថា ផ្សែងក្រាស់បានរារាំងដល់ការមើលឃើញរបស់ក្រុមពន្លត់អគ្គីភ័យ។
គួររំលឹកថា កាលពីសប្តាហ៍មុន អ្នកឃ្លាំមើលបរិយាកាសរបស់សហគមន៍អ៊ឺរ៉ុប បាននិយាយថា មេឌីទែរ៉ាណេ បានក្លាយជាចំណុចក្តៅនៃភ្លើងឆេះព្រៃ ខណៈដែលភ្លើងឆេះព្រៃបានឆាបឆេះព្រៃនៅប្រទេសទួរគី និងប្រទេសក្រិក។ NR