ម៉ានីល៖ អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Leni Robredo បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកស្រីនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោត ឆ្នាំ ២០២២ ។
លោកស្រី Leni Robredo អាយុ ៥៦ ឆ្នាំ ជាមេធាវីការពារសិទ្ធិមនុស្សនិងជាស្ត្រីមេម៉ាយ ក៏ធ្លាប់ជាអតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាអ្នកដឹកនាំគណបក្សប្រឆាំង ហើយបានរិះគន់យ៉ាងខ្លាំងចំពោះលោក Rodrigo Duterte ដែលកំពុងកាន់អំណាច ជាមួយនឹងរឿងប្រយុទ្ធបង្ហូរឈាមទាក់ទងនឹងគ្រឿងញៀន។
លោកស្រី Leni Robredo បាននិយាយនៅក្នុងសុន្ទរកថារយៈពេល ១៥ នាទី ដែលផ្សាយផ្ទាល់តាមបណ្តាញសង្គមថា “ខ្ញុំសន្យាថានឹងផ្តល់កម្លាំងទាំងអស់ មិនត្រឹមតែនៅក្នុងការបោះឆ្នោតនេះទេ ប៉ុន្តែនៅក្នុងថ្ងៃដែលខ្ញុំនៅសល់ (ក្នុងនាមជាអនុប្រធានាធិបតី) ដើម្បីប្រយុទ្ធដើម្បីប្រទេសហ្វីលីពីន” ជាមួយនឹងការចាប់ផ្តើមការប្រយុទ្ធដ៏ធំជាងនេះមួយទៀត។
យ៉ាងណាម៉ិញ អនុប្រធានាធិបតីត្រូវបានជ្រើសរើសដាច់ដោយឡែកពីប្រធានាធិបតីនៅក្នុងប្រទេសហ្វីលីពីន ហើយលោកស្រី Leni Robredo បាននិយាយប្រឆាំងនឹង លោក Rodrigo Duterte លើបញ្ហាជាច្រើនផងដែរ។
លោកស្រី Leni Robredo ត្រូវបានគេរំពឹងថា នឹងដាក់ឯកសារបេក្ខភាពរបស់លោកស្រីនៅថ្ងៃព្រហស្បតិ៍នេះ។ លោកស្រីនឹងក្លាយជាបេក្ខជនទី ៥ ដែលបានចូលរួមប្រកួតជាផ្លូវការ។
គួររំលឹកថា លោក Rodrigo Duterte មិនអាចឈរឈ្មោះជាប្រធានាធិបតីនៅខែឧសភាបានឡើយ ដោយសារច្បាប់ស្តីពីការកំណត់អាណត្តិ។ លោកធ្លាប់បាននិយាយថា លោកនឹងឈរឈ្មោះជាអនុប្រធានាធិបតី ប៉ុន្តែបានប្រកាសកាលពីថ្ងៃសៅរ៍ថា លោកនឹងចូលនិវត្តន៍ពីនយោបាយទៅវិញ។ NR