ប្រទេសកូរ៉េខាងត្បូងនិងកូរ៉េខាងជើង ស្តារឡើងវិញនូវខ្សែទូរស័ព្ទទំនាក់ទំនងដែលត្រូវបានកាត់ផ្តាច់
SEOUL៖ សេតវិមានប្រធានាធិបតីនៃទីក្រុងសេអ៊ូលបានអោយដឹងកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងត្បូងនិងកូរ៉េខាងជើង បានស្តារឡើងវិញនូវខ្សែភ្ជាប់ទូរស័ព្ទដែលត្រូវបានកាត់ផ្តាច់មួយ ហើយមេដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាដើម្បីកសាងឡើងវិញនូវការទុកចិត្តគ្នា និងពង្រឹងចំណងមិត្តភាពឡើងវិញ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង KCNA ក៏បានផ្សាយផងដែរថា បណ្តាញទំនាក់ទំនងអន្តរកូរ៉េទាំងអស់ត្រូវបានបើកដំណើរការឡើងវិញ នៅម៉ោង ១០ ព្រឹក ថ្ងៃអង្គារ នេះ (ម៉ោង ០១:០០ GMT) ស្របតាមកិច្ចព្រមព្រៀងរវាងមេដឹកនាំទាំងពីរ។
សេតវិមានក៏បានអោយដឹងទៀតថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្លាស់ប្តូរលិខិតជាច្រើន ចាប់តាំងពីខែមេសា ហើយបានយល់ព្រមភ្ជាប់បណ្តាញទូរស័ព្ទបន្ទាន់នេះអោយដំណើរការឡើងវិញ។
កូរ៉េខាងជើងបានកាត់ផ្តាច់ខ្សែទូរស័ព្ទនៅ ខែមិថុនា ឆ្នាំ ២០២០ ដោយសារចំណងមិត្តភាពឆ្លងកាត់ព្រំដែនត្រូវបានរង្គោះរង្គើរ បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី ២ ដែលមិនបានសម្រេចនៅខែកុម្ភៈ ឆ្នាំ ២០១៩ រវាងលោក គីម ជុងអ៊ុន និងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលពេលនោះ លោក មូន ជេអ៊ីន បានផ្តល់ខ្លួនជាអ្នកផ្សះផ្សា។
គួររំលឹកផងដែរថា លោក មូន ជេអ៊ីន បានអំពាវនាវឱ្យមានការស្តារឡើងវិញនូវបណ្តាញទូរស័ព្ទ និងកិច្ចពិភាក្សាដោយផ្តល់ក្តីសង្ឃឹមយ៉ាងខ្លាំង ទៅលើប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ឱ្យចាប់ផ្តើមការចរចាឡើងវិញក្នុងគោលបំណងរំសាយកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីល របស់កូរ៉េខាងជើង។ NR