ស៊ីដនី៖ អាជ្ញាធរនៅរដ្ឋ New South Wales ប្រទេសអូស្ត្រាលី ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃមេរោគឆ្លងដ៏ធំបំផុតរបស់ប្រទេសនេះ បាននិយាយនៅថ្ងៃច័ន្ទនេះថា ការឆ្លងប្រចាំថ្ងៃត្រូវបានគេរំពឹងថានឹងកើនឡើងដល់សប្តាហ៍ក្រោយ ខណៈដែលពួកគេសម្លឹងមើលពីការពន្លឿនការចាក់ថ្នាំបង្ការរោគ មុនពេលបន្ធូរបន្ថយការរឹតបន្តឹង។

អូស្រ្តាលីកំពុងព្យាយាមទប់ទល់នឹងរលកទី ៣ នៃការឆ្លង ដែលបានបិទទីក្រុងធំៗ ២ របស់ខ្លួនគឺស៊ីដនីនិងមែលប៊ន និងរដ្ឋធានី Canberra ដោយធ្វើអោយប្រជាជនជាងពាក់កណ្តាល ២៥ លាននាក់ របស់ខ្លួន នៅក្រោមការរឹតបន្តឹង ដោយការស្នាក់នៅផ្ទះ។

នាយករដ្ឋមន្ត្រី New South Wales លោកស្រី Gladys Berejiklian បានថ្លែងថា ការធ្វើគំរូរបស់រដ្ឋាភិបាលបានបង្ហាញថា រដ្ឋនេះនឹងត្រូវការគ្រែថែទាំដែលមានចំនួនខ្ពស់បំផុតនៅដើមខែតុលា ដោយមានសម្ពាធបន្ថែមលើប្រព័ន្ធនេះនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ករណីប្រចាំថ្ងៃនៅជាយក្រុងដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៅស៊ីដនី ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ២.០០០ នាក់ រហូតដល់ពាក់កណ្តាលនៃខែនេះ។

បច្ចុប្បន្ននេះមានករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១.០៧១ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះមានមនុស្សចំនួន ១៧៧ នាក់ កំពុងស្ថិតនៅក្នុងការថែទាំយ៉ាងយកចិត្តទុកដាក់ (ICU) ហើយមាន ៦៧ នាក់ ត្រូវការខ្យល់ចេញចូល។ ក្រុមមន្រ្តីបាននិយាយថា ពួកគេបានដាក់គ្រែ ICU ចំនួនបួនដង ដល់ប្រហែល ២.០០០ នៅក្នុងរដ្ឋកាលពីដើមឆ្នាំមុន ដើម្បីដោះស្រាយជំងឺរាតត្បាតនេះ។

ជាមួយគ្នានេះផងដែរ រដ្ឋបានរកឃើញករណីថ្មីចំនួន ១.២៨១ ករណី កាលពីថ្ងៃច័ន្ទ ដែលភាគច្រើននៅក្នុងទីក្រុងស៊ីដនី ធ្លាក់ចុះពី ១.៤៨៥ ករណី កាលពីមួយថ្ងៃមុន។ ការស្លាប់ថ្មីចំនួន ៥ នាក់ ត្រូវបានកត់ត្រាផងដែរ។

យ៉ាងណាម៉ិញ មន្រ្តីកំពុងព្យាយាមពន្លឿនការចាក់វ៉ាក់សាំងដើម្បីជួយកាត់បន្ថយការស្លាប់និងការចូលមន្ទីរពេទ្យ ជាមួយនឹងការសន្យារបស់រដ្ឋាភិបាលដោយថា នឹងអោយមានសេរីភាពក្នុងការធ្វើចលនានៅពេលដែលប្រជាជន ៧០-៨០% ដែលមានអាយុលើសពី ១៦ ឆ្នាំ បានចាក់វ៉ាក់សាំង។

គួររំលឹកថា ជាង ៣៨% នៃប្រជាជនពេញវ័យរបស់អូស្រ្តាលីត្រូវបានចាក់វ៉ាក់សាំងពេញលេញ ដោយប្រទេសនេះរំពឹងថា នឹងឈានដល់ ៧០% នៅដើមខែវិច្ឆិកា ដោយផ្អែកលើអត្រាបច្ចុប្បន្ន។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ