ប្រធានាធិបតីអាមេរិកជំរុញរង្វាន់ជាសាច់ប្រាក់ដល់ប្រជាជនដើម្បីចាក់វ៉ាក់សាំង ព្រមទាំងដាក់ច្បាប់ថ្មីសម្រាប់បុគ្គលិកសហព័ន្ធ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់ផ្តល់រង្វាន់ជាថវិការឱ្យប្រជាជនដើម្បីចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ហើយបានកំណត់ច្បាប់ថ្មីដែលតម្រូវឱ្យបុគ្គលិកសហព័ន្ធផ្តល់លិខិតភ័ស្តុតាងនៃការចាក់វ៉ាក់សាំង ឬប្រឈមនឹងការធ្វើតេស្តទៀងទាត់ ការពាក់ម៉ាស និងការរឹតត្បិតលើការធ្វើដំណើរ។
វិធានការណ៍នេះគឺជាការវិធានការចុងក្រោយរបស់ លោក បៃដិន ដើម្បីជំរុញប្រជាជនអាមេរិកដែលស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង នៅពេលដែលវ៉ារ្យ៉ង់វីរុស Delta រីករាលដាលពាសពេញផ្ទៃប្រទេស ដែលបានឆ្លងទៅមនុស្សជាច្រើន ជាពិសេសអ្នកដែលមិនបានទទួលវ៉ាក់សាំងការពារ។
យ៉ាងណាម៉ិញ សហរដ្ឋអាមេរិកនៅពេលនេះ បានដើរយឺតជាងប្រទេសអភិវឌ្ឍន៍ផ្សេងទៀតក្នុងអត្រាចាក់វ៉ាក់សាំង ទោះបីមានវ៉ាក់សាំងឥតគិតថ្លៃជាច្រើនក៏ដោយ។ កិច្ចខិតខំប្រឹងប្រែងរបស់សេតវិមានក្នុងការជម្រុញឱ្យអ្នកដែលស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង បានប៉ះពាល់ដល់អារម្មណ៍អ្នកដែលប្រឆាំងនឹងវ៉ាក់សាំង ថែមទាំងការផ្សាយព័ត៌មានមិនត្រឹមត្រូវ និងការបែងចែកនយោបាយ។
គួររំលឹកថា យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (ហៅកាត់ CDC) បានអោយដឹងថា មានតែប្រជាជនប្រហែល ១៦៣.៨ លាននាក់ ប៉ុណ្ណោះនៅសហរដ្ឋអាមេរិក ដែលបានចាក់វ៉ាក់សាំងពេញលេញក្នុងចំណោមប្រជាជនប្រមាណ ៣៣០ លាននាក់។ NR