ទីក្រុងស៊ីដនីគ្រោងដាក់ចេញផែនការសម្រាប់ការបន្ធូរបន្ថយក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ ទោះបីករណីកើនឡើងក៏ដោយ
ស៊ីដនី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អាជ្ញាធរនឹងប្រកាសពីផែនការនៅថ្ងៃព្រហស្បតិ៍ ដើម្បីដកទីក្រុងស៊ីដនីចេញពីការពន្យារពេលនៃការរឹតបន្តឹងលើជំងឺកូវីដ ១៩ ដោយប្រជាជនដែលទទួលថ្នាំបង្ការពេញលេញនឹងត្រូវមានសេរីភាពពីការស្នាក់នៅតែផ្ទះនៅចុងខែតុលានេះ។
រដ្ឋមន្រ្តីនៃរដ្ឋញូវសៅវែល លោកស្រី Gladys Berejiklian បានបន្តយុទ្ធសាស្ត្រ COVID-zero ដើម្បីកំចាត់ការរីករាលដាលនៃវ៉ារ្យ៉ង់វីរុស Delta ដែលមានការរីករាលដាលយ៉ាងខ្លាំង ដែលបានចាប់ផ្តើមនៅពាក់កណ្តាលខែមិថុនា ប៉ុន្តែចាប់តាំងពីពេលនោះមកបានផ្លាស់ប្តូរមកផ្តោតលើការបង្កើនអត្រាចាក់ថ្នាំវ៉ាក់សាំងវិញ។
តាមយុទ្ធសាស្ត្រដែលត្រូវប្រកាសនៅថ្ងៃព្រហស្បតិ៍ អ្នករស់នៅទីក្រុងស៊ីដនី នឹងទទួលបានសេរីភាពខ្លះពីការរឹតត្បិតនៃចលនា នៅពេលរដ្ឋញូសៅវែល បានឈានដល់អត្រាចាក់វ៉ាក់សាំង ៧០% ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sydney Morning Herald ។
ប្រហែល ៤៣% នៃមនុស្សពេញវ័យនៃរដ្ឋដែលមានប្រជាជនច្រើនបំផុតនៅអូស្រ្តាលី ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ហើយប្រហែល ៧៦% បានទទួលយ៉ាងហោចណាស់មួយដូស។
សារព័ត៌មាន Sydney Morning Herald បាននិយាយទៀតថា តំបន់ខ្លះនៃរដ្ឋនឹងត្រូវបានដកចេញការរឹតត្បិតក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។
ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលសហព័ន្ធបានប្រកាសផែនការ ៤ដំណាក់កាល ដើម្បីបន្ធូរបន្ថយច្បាប់ព្រំដែនតឹងរ៉ឹងរួមទាំងការដកការដាក់កំហិតដល់អ្នកស្រុកដែលបានចាក់វ៉ាក់សាំងពេញលេញត្រឡប់មកពីក្រៅប្រទេសវិញ នៅពេលប្រទេសឈានដល់ការចាក់ថ្នាំបង្ការ ៨០% ។
គួររំលឹកថា នៅក្នុងសារវីដេអូមួយដែលត្រូវបានបង្ហោះនៅល្ងាចថ្ងៃពុធ នាយករដ្ឋមន្រ្តី លោក Scott Morrison បានសន្យាជាមួយជនជាតិអូស្រ្តាលីនៅក្រៅប្រទេសថា ពួកគេនឹងអាចហោះហើរទៅផ្ទះបាននៅមុនបុណ្យណូអែល។ NR