សម្ព័ន្ធមិត្តរបស់នាយករដ្ឋមន្រ្តីជប៉ុន នឹងចុះចេញពីតំណែងមុនការបោះឆ្នោតចូលមកដល់
តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយបាននិយាយនៅថ្ងៃអង្គារនេះថា សម្ព័ន្ធមិត្តរបស់គណបក្សកាន់អំណាចដ៏មានឥទ្ធិពលរបស់នាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga អាចត្រូវបានជំនួសដោយការផ្លាស់ប្តូរមុនការបោះឆ្នោតសកល ដែលគ្រោងធ្វើនៅខែតុលា ដោយបញ្ចប់អាណត្តិរបស់អ្នកកាន់អំណាចកំពូលម្នាក់របស់ប្រទេស។
សេចក្តីរាយការណ៍បាននិយាយថា អគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) លោក Toshihiro Nikai បានយល់ព្រមចុះចេញពីតំណែងនៅក្នុងកិច្ចប្រជុំជាមួយ លោក Yoshihide Suga កាលពីថ្ងៃច័ន្ទ ខណៈដែលនាយករដ្ឋមន្រ្តីបានធ្វើការផ្លាស់ប្តូរមួយដើម្បីគាំទ្រដល់ខ្លួនលោក ដោយជំនួសនាយកប្រតិបត្តិដែលមិនមានប្រជាប្រិយភាពវិញ។
កាសែត Nikkei បានរាយការណ៍ថា ការផ្លាស់ប្តូរនាយកប្រតិបត្តិគណបក្សនេះ អាចកើតមានឡើងមុនពេលដែលគណបក្សប្រជាធិបតេយ្យសេរីនិយមបោះឆ្នោតគាំទ្រការដឹកនាំរបស់ខ្លួននៅថ្ងៃទី ២៩ ខែកញ្ញា។
អ្នកឈ្នះនៃការប្រកួតប្រជែងទាំងអស់ត្រូវបានធានាថា ជានាយករដ្ឋមន្ត្រី ដោយសារតែសំឡេងភាគច្រើនរបស់គណបក្សប្រជាធិបតេយ្យសេរីនិយម នៅសភាជាន់ទាប ហើយនឹងដឹកនាំគណបក្សតាមរយៈការបោះឆ្នោតសកល ដោយរដ្ឋាភិបាលកំពុងពិចារណាលើផែនការរៀបចំការបោះឆ្នោតនៅថ្ងៃទី ១៧ ខែតុលា។
យ៉ាងណាម៉ិញ អ្នកណាដែលដឹកនាំគណបក្សនៅក្នុងការបោះឆ្នោតសកល នឹងប្រឈមមុខនឹងការប្រកួតប្រជែងគ្នា។
ក្រុមអ្នកសង្កេតការណ៍និយាយថា សមាជិកសភាវ័យក្មេងជាច្រើនបានសម្តែងការមិនសប្បាយចិត្តរបស់ពួកគេជាមួយនឹងចំនួនអំណាចដែលកាន់កាប់ដោយ លោក Nikai អាយុ ៨២ ឆ្នាំ ដែលបានកាន់តំណែងសំខាន់របស់គណបក្សប្រជាធិបតេយ្យសេរីនិយម រយៈពេល ៥ ឆ្នាំ ដែលអនុញ្ញាតឱ្យលោកមានលទ្ធភាពគ្រប់គ្រងមូលនិធិយុទ្ធនាការ។
គួររំលឹកថា គូប្រជែងរបស់ លោក Yoshihide Suga សម្រាប់មេដឹកនាំគណបក្សគឺ អតីតរដ្ឋមន្រ្តីក្រសួងការបរទេស លោក Fumio Kishida បានបង្កឱ្យមានកំហឹងពីនាយកប្រតិបត្តិគណបក្សកាលពីសប្តាហ៍មុន បន្ទាប់ពីគាត់បានស្នើឱ្យកំណត់ចំនួនតំណែងនាយកប្រតិបត្តិ និងសន្យាថា នឹងលើកកម្ពស់សមាជិកសភាវ័យក្មេង និងថ្នាក់កណ្តាល។ NR