អាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជឿជាក់ថា សម្ព័ន្ធភាពរវាងអាមេរិកជាមួយចិននឹងល្អប្រសើរឡើងនាពេលឆាប់ៗនេះ ហើយលោកបញ្ជាក់ថា ក្រុមប្រទេស G7 ត្រូវតែរួមគ្នាកាត់បន្ថយហានិភ័យចំពោះការគំរាមកំហែងសេដ្ឋកិច្ចពីប្រទេសចិន ប៉ុន្តែមិនមែនឈប់សេពគប់ជាមួយប្រទេសចិនទេ ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Thairath នៅថ្ងៃទី២២ ឧសភា ឆ្នាំ២០២

លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់កាលពីថ្ងៃទី២១ ខែឧសភា ថា ក្រុមប្រទេស G7 បានឯកភាពគ្នាអនុវត្តវិធីសាស្ត្រថ្មីមួយសម្រាប់ប្រទេសចិន ហៅថា ខ្សែសង្វាក់ផ្គត់ផ្គង់ចម្រុះ (diversifying supply chains) ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសតែមួយ ហើយលោកប្រាប់ថា លោកនឹងជជែកជាមួយមេដឹកនាំចិននាពេលឆាប់ៗនេះ។

លោក ចូ បៃដិន បានថ្លែងក្រោយកិច្ចប្រជុំមេដឹកនាំប្រទេស G7 ថា  «យើងមិនមែនកំពុងស្វែងរកផ្លូវបំបែកខ្លួនពីចិនទេ តែយើងកំពុងរកផ្លូវកាត់បន្ថយហានិភ័យ និងបង្កើនទំនាក់ទំនងជាមួយចិន ។ ក្រុមប្រទេស G7 ត្រូវបង្កើនការសាមគ្គីគ្នាជាងមុន ដើម្បីរួមគ្នាប្រឆាំងនឹងការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងទប់ស្កាត់ហានិភ័យនានាដែលអាចបំផ្លាញការងាររបស់យើង» ។

កាលពីថ្ងៃទី២០ ខែឧសភា កន្លងមក ក្រុមប្រទេស G7 បានបង្ហាញវិធីចូលរួមសេដ្ឋកិច្ចជាមួយចិន គឺកាត់បន្ថយហានិភ័យ ប៉ុន្តែមិនមែនឈប់សេពគប់ជាមួយចិនទេ (de-risk, not decouple) ។ ទោះយ៉ាងណា ការលើកឡើងថា ប្រទេសចិនគំរាមកំហែងសេដ្ឋកិច្ចនេះ បានធ្វើឱ្យស្ថានទូតចិននៅប្រទេសជប៉ុន ចេញមកអំពាវនាវឱ្យក្រុមប្រទេស G7 បញ្ឈប់ការប្រឈមមុខដាក់គ្នា និងការបែងចែក ។

បើទោះជាចិនបង្ហាញអាកប្បកិរិយាមិនពេញចិត្តក្តី ប៉ុន្តែ លោក ចូ បៃដិន លើកឡើងថា សម្ព័ន្ធភាពរវាងអាមេរិកជាមួយចិនបានធ្លាក់ចុះតាំងពីមានហេតុការណ៍បាញ់បាឡុងស៊ើបការណ៍របស់ចិនធ្លាក់កាលពីដើមឆ្នាំ២០២៣ ប៉ុន្តែវានឹងល្អប្រសើរឡើងវិញនាពេលឆាប់ៗនេះ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ