តូក្យូ៖ ក្រសួងសុខាភិបាលជប៉ុន បាននិយាយនៅថ្ងៃសៅរ៍នេះថា មនុស្ស ២នាក់ បានស្លាប់បន្ទាប់ពីទទួលបានវ៉ាក់សាំង Moderna Inc (MRNA.O) COVID-19 ដែលក្នុងចំណោមថ្នាំជាច្រើនត្រូវបានផ្អាក បន្ទាប់ពីរកឃើញមានផ្ទុកសារធាតុកខ្វក់។
ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា បុរស ២ នាក់ ដែលមានអាយុប្រហែលខ្ទង់ ៣០ ឆ្នាំ បានស្លាប់នៅខែនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីទទួលបានថ្នាំ Moderna ដូសទី២។ ពួកគេម្នាក់ៗបានចាក់ថ្នាំដែលចេញពីកន្លែងផលិតមួយក្នុងចំណោមរោងចក្រផលិតចំនួន ៣បាច់ ដែលត្រូវបានផ្អាក កាលពីថ្ងៃព្រហស្បតិ៍។ មូលហេតុនៃការស្លាប់កំពុងត្រូវបានស៊ើបអង្កេត។
ប្រទេសជប៉ុនបានបញ្ឈប់ការប្រើប្រាស់ថ្នាំ Moderna ចំនួន ១,៦៣ លានដូស ដែលត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលចាក់ថ្នាំបង្ការចំនួន ៨៦៣ កន្លែង នៅទូទាំងប្រទេស ពោលគឺជាងមួយសប្តាហ៍បន្ទាប់ពីអ្នកចែកចាយក្នុងស្រុកគឺ ក្រុមហ៊ុន Takeda Pharmaceutical Co (4502.T) បានទទួលរបាយការណ៍ពីការចម្លងរោគនៅក្នុងដបមួយចំនួន។
ក្រុមហ៊ុន Moderna និង ក្រុមហ៊ុន Takeda Pharmaceutical Co បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា “នៅពេលនេះ យើងមិនមានភស្តុតាងណាមួយបញ្ជាក់ថាការស្លាប់ទាំងនេះបណ្តាលមកពីវ៉ាក់សាំង Moderna COVID-19 ទេ” ។ “វាមានសារៈសំខាន់ណាស់ក្នុងការស៊ើបអង្កេតជាផ្លូវការមួយដើម្បីកំណត់ថាតើមានការតភ្ជាប់គ្នាឬយ៉ាងណា”។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលក៏បានអោយដឹងផងដែរថា គ្មានបញ្ហាសុវត្ថិភាព ឬបញ្ហាប្រសិទ្ធភាពណាមួយត្រូវបានកំណត់អត្តសញ្ញាណទេ ហើយការផ្អាកដំណើរការវ៉ាក់សាំង Moderna ទាំង ៣បាច់ នោះ គឺជាការប្រុងប្រយ័ត្នជាមុន។
គួររំលឹកថា ប្រទេសជប៉ុនបានគ្រប់គ្រងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាង ១២៤ លាន ដោយមានប្រជាជនប្រហែល ៤៤% បានចាក់វ៉ាក់សាំងពេញលេញ។ NR