អាមេរិក៖ មន្រ្តីសុខាភិបាលកំពូលអាមេរិកជឿជាក់ថា វ៉ាក់សាំងកូវីដ ១៩ របស់ ក្រុមហ៊ុន Pfizer Inc (PFE.N) អាចនឹងត្រូវបានអនុញ្ញាតសម្រាប់កុមារអាយុ ៥-១១ ឆ្នាំ នៅចុងខែតុលា នេះបើយោងតាមប្រភពចំនួន ២ ដែលដឹងពីស្ថានការណ៍បាននិយាយនៅថ្ងៃសុក្រនេះ។

ប្រភពនោះបាននិយាយថា ការកំណត់ពេលវេលាគឺផ្អែកលើការរំពឹងទុកដែលថា Pfizer ដែលបានបង្កើតវ៉ាក់សាំងជាមួយក្រុមហ៊ុនអាឡឺម៉ង់ BioNTech (22UAy.DE) នឹងមានទិន្នន័យគ្រប់គ្រាន់ពីការសាកល្បងព្យាបាល ដើម្បីស្វែងរកការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់ (EUA) សម្រាប់ក្រុមអាយុនោះ ពីរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) ដែលប្រហែលជាអាចនៅចុងខែនេះ។

ពួកគេរំពឹងថា FDA អាចធ្វើការសម្រេចចិត្តថាតើការចាក់វ៉ាក់សាំងនេះមានសុវត្ថិភាពនិងមានប្រសិទ្ធភាព ចំពោះក្រុមក្មេងតូច ក្នុងរយៈពេលបីសប្តាហ៍ បន្ទាប់ពីការដាក់ស្នើសុំអនុញ្ញាតិអោយប្រើប្រាស់ជាបន្ទាន់នេះ។

ការសម្រេចចិត្តថាតើត្រូវផ្តល់វ៉ាក់សាំងសម្រាប់ក្មេងតូច ត្រូវបានរំពឹងទុកដោយជនជាតិអាមេរិករាប់លាននាក់ ជាពិសេសឪពុកម្តាយដែលកូន ៗ របស់ពួកគេបានចាប់ផ្តើមចូលរៀននៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចំពេលមានរលកនៃការឆ្លងដែលបណ្តាលមកពីវ៉ារ្យ៉ង់វីរុស Delta។

គួរំលឹកថា ប្រសិនបើ ក្រុមហ៊ុន Pfizer ដាក់ស្នើសុំការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់នៃវ៉ាក់សាំងរបស់ខ្លួននៅចុងខែកញ្ញា ហើយមានទិន្នន័យបញ្ជាក់គ្រប់គ្រាន់គាំទ្រដល់ការប្រើប្រាស់របស់វា នោះ ២ ឬ ៣ សប្តាហ៍ដំបូងនៃខែតុលា ផលិតផល Pfizer ទំនងជានឹងរួចរាល់សម្រាប់ក្រុមអាយុក្មេងទាំងនោះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ