ទីក្រុងវែលលីងតុន ៖ ប្រទេសនូវែលសេឡង់ បានរាយការណ៍កាលពីថ្ងៃសៅរ៍ ពីការស្លាប់ដំបូងដោយសារ វ៉ារ្យ៉ង់វីរុស Delta ហើយក៏មានការរាយការណ៍ពីការឆ្លងប្រចាំថ្ងៃ ២០ ករណី ទៀត ដែលទាំងអស់នៅទីក្រុង Auckland ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើង។

មន្រ្តីសុខាភិបាលបានអោយដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ត្រីដែលបានស្លាប់ គឺមានអាយុ ៩០ ឆ្នាំ ហើយមានស្ថានភាពសុខភាពមិននឹងនរមួយចំនួន។ ជាក់ស្តែង វាគឺជាករណីស្លាប់ដែលទាក់ទងនឹងមេរោគឆ្លងដំបូងគេនៅក្នុងប្រទេសចាប់តាំងពីពាក់កណ្តាលខែកុម្ភៈ។

ប្រជាជនប្រហែល ១,៧ លាននាក់ នៅទីក្រុង Auckland ដែលជាទីក្រុងធំបំផុតរបស់ប្រទេសនេះ បានស្ថិតនៅក្នុងការរឹតបន្តឹងកម្រិតទី ៤ ចាប់តាំងពីពាក់កណ្តាល ខែសីហា មក។ ការរឹតត្បិតត្រូវបានបន្ធូរបន្ថយនៅកន្លែងខ្លះ ប៉ុន្តែសាលារៀននិងការិយាល័យ ក៏ដូចជា ហាងកាហ្វេ ភោជនីយដ្ឋាន និងកន្លែងសាធារណៈទាំងអស់នៅតែត្រូវបានបិទ។ ជនជាតិនូវែលសេឡង់ ភាគច្រើនត្រូវបានស្នើសុំឱ្យស្នាក់នៅក្នុងផ្ទះ។

យ៉ាងណាម៉ិញ ករណីសកម្មនៃការផ្ទុះឡើងបច្ចុប្បន្នមានចំនួន ៧៨២ ករណី ដោយមាន ៧៦៥ ករណី នៅ Auckland និង ១៧ ករណី នៅឯ Wellington ដែលជារដ្ឋធានីរបសប្រទេស។

គួររំលឹកថា ប្រទេសនូវែលសេឡង់ ដែលជាប្រទេសមានប្រជាជនចំនួន ៥ លាននាក់ បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ ទាំងអស់ចំនួន ៣.៣៩២ នាក់ និងមានអ្នកស្លាប់ចំនួន ២៧ នាក់ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ