វ៉ាស៊ីនតោន៖ នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្ដរជាតិ (ហៅកាត់ IMF) លោកស្រី Kristalina Georgieva និងមេដឹកនាំអង្គការពហុភាគីផ្សេងទៀត នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញឱ្យប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ខ្ពស់ ខិតខំប្រឹងប្រែងក្នុងការបញ្ជូនដូសទៅប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម បន្ថែមទៀត។

លោកស្រី Kristalina Georgieva និងប្រធានក្រុមធនាគារពិភពលោក រួមទាំងអង្គការសុខភាពពិភពលោកនិងអង្គការពាណិជ្ជកម្មពិភពលោក បានសម្តែងការព្រួយបារម្ភនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា វាមិនអាចទៅរួចទេក្នុងការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ៤០% នៃប្រជាជននៅគ្រប់ប្រទេស នៅចុងឆ្នាំ ២០២១ ដោយគ្មានវិធានការជាបន្ទាន់នោះ។

ភាពខុសគ្នាយ៉ាងធំទូលាយនៃអត្រាចាក់វ៉ាក់សាំងនៅក្នុងប្រទេសជឿនលឿននិងប្រទេសកំពុងអភិវឌ្ឍន៍នឹងក្លាយជាបញ្ហាសំខាន់មួយដែលត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលពិភពលោកតាមរយៈអនឡាញ ដែលសហរដ្ឋអាមេរិកកំពុងរៀបចំនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។

អ្នកនាំពាក្យរបស់ IMF លោក Gerry Rice បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអញ្ជើញ លោកស្រី Kristalina Georgieva ឱ្យនិយាយនៅក្នុងព្រឹត្តិការណ៍ថ្ងៃទី ២២ ខែកញ្ញា ដែលមិនទាន់ត្រូវបានប្រកាសជាផ្លូវការដោយសេតវិមាននៅឡើយទេ។ យ៉ាងណាម៉ិញ អ្នកនាំពាក្យសេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

គួររំលឹកថា មេដឹកនាំទាំងនោះបានបន្ថែមទៀតថា ប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ដែលបានបញ្ជាទិញទុកជាមុននូវវ៉ាក់សាំងជាង ២ ពាន់លានដូសច្រើនជាងតម្រូវការ គួរតែផ្លាស់ប្តូរកាលវិភាគនៃការដឹកជញ្ជូនក្នុងរយៈពេលខ្លីរបស់ពួកគេជាបន្ទាន់ ជាមួយកម្មវិធីចែកចាយទូទាំងពិភពលោក ដើម្បីជួយដោះស្រាយគម្លាតនៅក្នុងប្រទេសដែលមានចំណូលទាបនិងមធ្យម។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ