ឥណ្ឌូនេស៊ីស្ថិតក្នុងកិច្ចពិភាក្សាជាមួយអង្គការសុខភាពពិភពលោកដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងសកល
ហ្សាកាតា៖ រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ីបានអោយដឹងថា ប្រទេសឥណ្ឌូនេស៊ីកំពុងពិភាក្សាជាមួយអង្គការសុខភាពពិភពលោក (WHO) ក៏ដូចជាក្រុមហ៊ុនថ្នាំចំនួន ៦ ដើម្បីក្លាយជាមជ្ឈមណ្ឌលសកលសម្រាប់ផលិតវ៉ាក់សាំង។
សេចក្តីលម្អិតអំពីយុទ្ធសាស្ត្រដ៏មានមហិច្ឆតាជាលើកដំបូងរបស់ លោក Budi Gunadi Sadikin បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ប្រទេសឥណ្ឌូនេស៊ីនឹងចាប់ផ្តើមគំនិតផ្តួចផ្តើមនេះដោយផ្តល់អាទិភាពដល់ការទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពីក្រុមហ៊ុនដែលបានចែករំលែកបច្ចេកវិទ្យានិងបង្កើតកន្លែងនៅឥណ្ឌូនេស៊ី។
លោក Budi Gunadi Sadikin បានបន្ថែមទៀតថា “យើងកំពុងធ្វើការជាមួយអង្គការសុខភាពពិភពលោក ដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតកម្មពិភពលោក សម្រាប់វ៉ាក់សាំងប្រភេទ mRNA ដោយបញ្ជាក់ថា លោកបានបញ្ចុះបញ្ចូលដោយផ្ទាល់ដល់អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបកាលពីដើមខែនេះ ។
ជាងនេះទៅទៀត លោកក៏បាននិយាយថា អង្គការសុខភាពពិភពលោកបានចង្អុលទិសដៅទៅអាហ្វ្រិកខាងត្បូងថាជាទីតាំងទីមួយ ហើយលោកប្រាប់អង្គការសុខភាពពិភពលោកថា ឥណ្ឌូនេស៊ីគួរតែជាប្រទេសទី ២។
ជាក់ស្តែង មជ្ឈមណ្ឌលផ្លាស់ប្តូរបច្ចេកវិទ្យាថ្មីគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់អង្គការសុខភាពពិភពលោក ក្នុងការចែកចាយការផលិតវ៉ាក់សាំងនៅទូទាំងពិភពលោកឱ្យបានទូលំទូលាយ និងបង្កើតសមត្ថភាពនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីផលិតវ៉ាក់សាំងជំនាន់ថ្មីដូចជា Moderna (MRNA.O) និង Pfizer (PFE.N) ដែលអាចប្រែប្រួលបានយ៉ាងឆាប់រហ័សដើម្បីដោះស្រាយនឹងការរីករាយដាលខ្លាំងនៃវ៉ារ្យ៉ង់វីរុសមេរោគថ្មី។
ឆ្លើយតបនឹងរឿងនេះដែរ អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកបាននិយាយថា ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសមួយក្នុងចំណោម ២៥ ប្រទេសដែលមានចំណូលទាបនិងមធ្យម ដែលបង្ហាញការចាប់អារម្មណ៍ក្នុងការធ្វើជាមជ្ឈមណ្ឌលផ្គត់ផ្គង់វ៉ាក់សាំង ប៉ុន្តែបានបដិសេធមិននិយាយថាតើប្រទេសនេះជាបេក្ខជនឈានមុខគេឬយ៉ាងណានោះទេ។ NR