សហរដ្ឋអាមេរិកនិងចិន ប៉ះទង្គិចគ្នានៅអង្គការសុខភាពពិភពលោក (WHO) ជុំវិញបេសកកម្មវិទ្យាសាស្ត្រ COVID-១៩ នៅក្នុងទីក្រុងវូហាន (Wuhan)
សហរដ្ឋអាមេរិកអំពាវនាវឱ្យប្រទេសចិននៅថ្ងៃច័ន្ទ (១៨ មករា) អនុញ្ញាតឱ្យក្រុមជំនាញមកពីអង្គការសុខភាពពិភពលោកធ្វើការសម្ភាស “អ្នកមើលថែអ្នកជម្ងឺ អតីតអ្នកជំងឺ និងអ្នកធ្វើការនៅមន្ទីរពិសោធន៍” នៅកណ្តាលទីក្រុងវូហានដែលនាំអោយមានការស្តីបន្ទោសពីទីក្រុងប៉េកាំង។
ក្រុមអ្នកជំនាញឯករាជ្យដែលដឹកនាំដោយអង្គការសុខភាពពិភពលោកដែលកំពុងព្យាយាមកំណត់ប្រភពដើមនៃការរាតត្បាតវីរុស COVID-១៩ បានមកដល់នៅថ្ងៃទី ១៤ ខែមករា នៅទីក្រុងវូហានដែលពួកគេកំពុងធ្វើកិច្ចសន្ទនាតាមប្រព័ន្ធទូរគមនាគមន៍ជាមួយនឹងភាគីចិនក្នុងអំឡុងពេលនៃការធ្វើចត្តាឡីស័ក រយៈពេល ២ សប្តាហ៍មុនពេលចាប់ផ្តើមការងារ។
សហរដ្ឋអាមេរិកដែលបានចោទប្រកាន់ប្រទេសចិនថាបានលាក់បាំងវិសាលភាពនៃការផ្ទុះជាលើកដំបូងរបស់ខ្លួន បានអំពាវនាវឱ្យមានការស៊ើបអង្កេតដែលដឹកនាំដោយអង្គការសុខភាពពិភពលោកប្រកបដោយ “តម្លាភាព” និងបានរិះគន់ទៅលើលក្ខខណ្ឌនៃដំណើរការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញចិនដែលបានធ្វើកាលពីដំណាក់កាលដំបូង។
លោក Garrett Grigsby នៃនាយកដ្ឋានសុខភាពនិងសេវាកម្មមនុស្សដែលជាប្រធានគណៈប្រតិភូសហរដ្ឋអាមេរិកបាននិយាយថា ប្រទេសចិនគួរតែចែករំលែករាល់ការសិក្សាវិទ្យាសាស្ត្រនៅក្នុងគំរូសត្វ មនុស្ស និងបរិស្ថានដែលយកចេញពីទីផ្សារមួយនៅទីក្រុង Wuhan ដែលវីរុស SARS-CoV-២ ត្រូវបានគេជឿថាមាន លេចចេញនៅចុងឆ្នាំ ២០១៩ ។
លោកបានប្រាប់ក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការសុខភាពពិភពលោកថាការវិភាគប្រៀបធៀបនៃទិន្នន័យហ្សែនបែបនេះអាចជួយអោយ “រកមើលការត្រួតស៊ីគ្នានិងសក្តានុពលនៃប្រភព” នៃការផ្ទុះឡើងដែលបង្កឱ្យមានជំងឺរាតត្បាត COVID-១៩ ។
Grigsby បាននិយាយសំដៅដល់ variants វីរុសដែលត្រូវបានរកឃើញនៅចក្រភពអង់គ្លេសអាហ្រ្វិកខាងត្បូងនិងប្រេស៊ីលថា “យើងមានកាតព្វកិច្ចដ៏មហិមាដើម្បីធានាថាការស៊ើបអង្កេតដ៏សំខាន់នេះគឺអាចជឿទុកចិត្តបាន ហើយត្រូវបានធ្វើឡើងប្រកបដោយការកំនត់គោលបំណងច្បាស់ និងតម្លាភាព” ។
លោក Sun Yang អគ្គនាយកការិយាល័យឆ្លើយតបបន្ទាន់ផ្នែកសុខភាពនៃគណៈកម្មាធិសុខភាពជាតិចិន បានប្រាប់ក្រុមប្រឹក្សាភិបាលថា "ការសិក្សាពីប្រភពដើមវីរុសគឺមានលក្ខណៈវិទ្យាសាស្ត្រ។ វាត្រូវការការសម្របសម្រួល និងសហប្រតិបត្តិការ យើងត្រូវតែបញ្ឈប់រាល់សម្ពាធនយោបាយ" ។
ថែមពីលើនេះទៅទៀតនោះ គណៈប្រតិភូអូស្រ្តាលីក៏បានអំពាវនាវផងដែរដល់ក្រុមការងាររបស់អង្គការសុខភាពពិភពលោក ឲ្យមានសិទ្ធិទទួលបានព័ត៌មានពាក់ព័ន្ធ និងទីតាំងសំខាន់ៗ។
ឆ្លើយតបនឹងរឿងនេះដែរ ប្រធានផ្នែកសង្គ្រោះអាសន្នរបស់អង្គការសុខភាពពិភពលោក លោក Mike Ryan បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា “មិនមានការធានាចំពោះចម្លើយទេ” ។ "វាជាកិច្ចការដ៏លំបាកមួយក្នុងការជីករកដើមកំណើតអោយបានពេញលេញ ហើយពេលខ្លះវាអាចមានការសាកល្បង ២ ឬ ៣ ឬ ៤ ដងដើម្បីអាចធ្វើវាបាននៅក្នុងស្ថានភាពខុសគ្នា"។