បាងកក៖ ក្រសួងសុខាភិបាលប្រទេសថៃ នៅថ្ងៃសៅរ៍នេះ បានរាយការណ៍អំពីការស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ ចំនួន ២១ នាក់ក្នុងមួយថ្ងៃ ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានត្រៀមខ្លួនបើកការចុះឈ្មោះសម្រាប់យុទ្ធនាការ ចាក់វ៉ាក់សាំងដ៏ធំដែលបានរង់ចាំជាយូរមកហើយ។

ស្របពេលជាមួយគ្នានេះ ក្រសួងសុខាភិបាលបានរាយការណ៍ ករណីថ្មីចំនួន ១.៨៩១ ករណី ដែលនាំអោយចំនួនអ្នកឆ្លងសរុបកើនដល់ ៦៧.០៤៤ នាក់ ចាប់តាំងពីមានជំងឺរាតត្បាតបានចាប់ផ្តើមកាលពីឆ្នាំមុន ដោយមានមនុស្ស ២២៤ នាក់បានស្លាប់បាត់បង់ជីវិត។

ប្រទេសថៃ កំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃរលកទី៣ យ៉ាងខ្លាំងដែលជាការរាតត្បាតដ៏អាក្រក់បំផុត បន្ទាប់ពីទទួលបានជោគជ័យមួយឆ្នាំក្នុងការគ្រប់គ្រងស្ថានភាពនៃមេរោគ។

ដោយឡែក ការផ្ទុះឡើងថ្មីរួមមានការចម្លងតាមរយៈ វ៉ារ្យ៉ង់វីរុសប្រភេទ B.1.1.7 ដែលអាចចម្លងយ៉ាងលឿន ដោយមានចំនួនប្រហែលពាក់កណ្តាលនៃករណីឆ្លងនិងស្លាប់សរុប ក្នុងពេលមានជំងឺរាតត្បាតនេះ។

យ៉ាងណាម៉ិញ ការចាក់វ៉ាក់សាំងយឺតយ៉ាវបានធ្វើឱ្យប្រជាជនមានការខកចិត្ត ដោយឡែកវ៉ាក់សាំង ស៊ីណូវ៉ាក់ របស់ប្រទេសចិន ចំនួន ២.៥ លានដូស ទទួលបានកន្លងមក ត្រូវបានផ្តល់ដល់បុគ្គលិកពេទ្យជួរមុខ និងអ្នកដែលងាយរងគ្រោះបំផុត។

ការចុះឈ្មោះសម្រាប់ការចាក់ថ្នាំបង្ការប្រជាជនទូទៅចាប់ផ្តើមនៅថ្ងៃសៅរ៍នេះ ដោយមានមនុស្សប្រហែល ១៦ លាននាក់ដែលមានអាយុលើសពី ៦០ ឆ្នាំ ឬអ្នកដែលមានជម្ងឺដូចជា ទឹកនោមផ្អែម នឹងទទួលបានអាទិភាព។

តួយ៉ាង ការចាក់ថ្នាំបង្ការរោគដ៏ធំត្រូវបានគេគ្រោងនឹងចាប់ផ្តើមនៅខែមិថុនា នៅពេលដែលថ្នាំ AstraZeneca ផលិតក្នុងស្រុក មានចំនួន ៦១ លាន អាចផលិតបាន។

គួររលឹកថា ប្រទេសថៃមានគោលបំណងអោយប្រជាជនខ្លួនចំនួន ៧០% បានចាក់វ៉ាក់សាំងនៅចុងឆ្នាំនេះ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ