កម្មករ-កម្មការិនី នៅរាជធានីភ្នំពេញ ជាង១ម៉ឺននាក់ ត្រូវបានដាក់ដាច់ដោយឡែក ក្រោយពួក គេត្រឡប់ពីធីបុណ្យចូលឆ្នាំ ដើម្បីរកជំងឺ កូវីដ-១៩
ភ្នំពេញ ៖ កម្មករ-កម្មការិ នី និងនិយោជិត ធ្វើការងារនៅរាជធានីភ្នំពេញ ជាង១ម៉ឺន ត្រូវបាន រៀបចំដាក់ ឲ្យ នៅដាច់ដោយឡែក ដើម្បីតាមដានសុខភាពរក ជំងឺកូវីដ-១៩ ក្រោយពួក គេ ទៅលេងស្រុក កំណើត នាថ្ងៃបុណ្យចូលឆ្នាំថ្មី នាពេលកន្លងទៅនេះ ខណៈរាជរដ្ឋាភិបាល បានហាមឃាត់ ពួកគាត់មិនឲ្យទៅស្រុកកំណើត ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩។
ក្នុងសន្និសីទព័ត៌មាន ស្តីពី បច្ចុប្បន្នភាពជំងឺ កូវីដ-១៩ នៅកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា បានថ្លែងថា ក្រសួងសុខាភិបាល ក្រសួងការងារ និង បណ្តុះ បណ្តាលវិជ្ជាជីវៈ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធមួយចំនួនទៀត បានសហការគ្នា ដើម្បី រៀបចំដាក់កម្មករ ដែលត្រឡប់មកពីស្រុកកំណើត ឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ។
លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា «ចំពោះបងប្អូនដែលបានសម្រុក ធ្វើដំណើរទៅ ស្រុកកំណើតមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយត្រូវវិលត្រឡប់មកលំនៅឋាន ឬចូលមកធ្វើការនៅតាមទីកន្លែងរោងចក្រ សហគ្រាស ក្រសួងស្ថាប័ន ឬមន្ទីររៀងៗខ្លួននោះ ត្រូវអនុវត្តន៍វិធានការតាមដានសុខភាពផ្ទាល់ខ្លួន ដាក់ខ្លួនឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ឬអាចធ្វើការតាមផ្ទះ តាមអនឡាញក្នុងរយៈពេលធ្វើចត្តាឡីស័ក្តិចំនួន១៤ថ្ងៃនេះ»។
សូមរំលឹកថា យោតាមលិខិតផ្ញើជូន អភិបាលរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា កម្មករ កម្មការិនីជាង ១៥,០០០នាក់ ក្នុងនោះ ខណ្ឌពោរធិ៍សែនជ័យប្រមាណ ៧,២៥៨នាក់ ,ខណ្ឌដង្កោប្រមាណ ២,៣៤១នាក់ ,ខណ្ឌកំបូលប្រមាណ ១,២៥១នាក់ ,ខណ្ឌមានជ័យប្រមាណ ២,១១៦នាក់ ,ខណ្ឌសែនសុខប្រមាណ ១,០៦៨នាក់ ,ខណ្ឌព្រែកព្នៅប្រមាណ ៧៦នាក់ ,ខណ្ឌច្បារអំពៅប្រមាណ ៨៧នាក់ ,ខណ្ឌឫស្សីកែវប្រមាណ១,៣០២នាក់ ,ខណ្ឌទួលគោកប្រមាណ ៧១នាក់ ,ខណ្ឌចំការមនប្រមាណ ៩៥នាក់ ,ខណ្ឌដូនពេញមានប្រមាណ ២នាក់ និងខណ្ឌជ្រោយចង្វារប្រមាណ ៦០នាក់។
ក្នុងលិខិតបន្ដថា សាលារាជធានីភ្នំពេញ បានត្រៀមសាលារៀន ចំនួន ៣៧សាលា មានបន្ទប់ចំនួន ៦៩៩បន្ទប់ សម្រាប់ដាក់កម្មករ ទាំងអស់នេះ ផងដែរ៕ E B