ក្រសួងសុខាភិបាល នៅតែអំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នជាប់ជានិច្ច
4 ឆ្នាំ មុន
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច ទោះបីជារយៈពេលប៉ុន្មានថ្ងៃមកនេះ មិនមានករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានោះក៏ដោយ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល (CDC) បានបញ្ជាក់ថា៖ «ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់»។
សូមជម្រាបថា សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ ករណីជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានត្រឹម១២២ករណីដដែល ខណៈអ្នកជាសះស្បើយ កើនដល់១០៥នាក់ នៅទូទាំងប្រទេស និងមានអ្នកជំងឺប្រមាណ១៧នាក់ប៉ុណ្ណោះ កំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕SS