ភ្នំពេញ ៖ លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ គ្រប់សាសនាទាំងអស់នៅកម្ពុជា គឺមិនមានការជួបជុំ ទ្រង់ទ្រាយធំឡើយ ហើយក៏មិនធ្វើឲ្យប៉ះពាល់ដល់ចង្ហាន់ព្រះសង្ឃដែរ បន្ទាប់ពីជំងឺ កូវីដ-១៩ កំពុងកើតមានឡើង នៅកម្ពុជា។

នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យបិទ ការជួបជុំបែបសាសនា គ្រប់ប្រភេទ ទាំងអស់ នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងធម្មការ និងសាសនា» នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការ គណៈរដ្ឋមន្ដ្រី លោក សេង សុមុនី បានថ្លែងថា ការជួបជុំ សាសនាទាំងអស់ នាពេលកន្លងមកនេះ ជួបជុំក្នុងលក្ខណៈទ្រង់ទ្រាយតូចតែ ប៉ុណ្ណោះ ដោយអនុញ្ញាតឲ្យព្រះសង្ឃមួយអង្គ ឬពីរអង្គ ចាំទទួលពុទ្ធបរិស័ទប្រគេនចង្ហាន់ តាមទម្លាប់ ដែលបានអនុវត្តន៍កន្លងទៅ។

លោក មានប្រសាសន៍ថា «បើសិនជាក្នុងករណីថា កូវីដ-១៩នេះ នៅអូសបន្លាយ គឺ រាជរដ្ឋាភិបាល បានគិតគូរហើយ ចំណុចជួបជុំសាសនា ហើយការណែនាំការជួបជុំនោះ គឺនៅមានប្រសិទ្ធ ភាពនៅឡើយទេ ចឹងយើងនឹងបន្ដអនុវត្ត ព្រោះការប្រារព្ធ ពិធីបុណ្យ ភ្ជុំបិណ្ឌក្ដី និងចូល ឆ្នាំមិនខុសគ្នាទេ ជាបុណ្យប្រពៃណី ចឹងទេនៅតែធ្វើដដែល តែមិនឲ្យជួបគ្នាច្រើន។ជាក់ស្ដែងចូលឆ្នាំ ប៉ុន្មានថ្ងៃនេះគឺយើងនៅតែមានពិធីទទួលទេវតា មានយកចង្ហាន់ប្រគេនព្រះសង្ឃ ប៉ុន្ដែលក្ខណៈទិច ហើយយើងទទួលបានព័ត៌មាន ទូទាំងប្រទេស ព្រះសង្ឃអត់មានចំណុចណាមួយខ្វះខាតចង្ហាន់អីទេ»។

សូមរំលឹកថា ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ សរុបចំនួន ៩៨នាក់ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន២៤នាក់ ហើយចំនួន អ្នកឆ្លងសរុបទាំងអស់នៅ កម្ពុជាមានចំនួន ១២២នាក់ បើគិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ៕EB

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ