អភិបាលខេត្តពោធិ៍សាត់ ៖ បន្ទាប់ពីមានការផ្ទុះអាវុធ នៅភាគីខាងថៃ, ស្ថានភាពក្នុងខេត្តធម្មតា និងមិនមានការជម្លៀសប្រជាជនទេ
ពោធិ៍សាត់ ៖ ក្រោយការផ្ទុះអាវុធនៅភាគីខាងថៃ នៅប្រមាណម៉ោង១១ព្រឹក ថ្ងៃពុធនេះ, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា គិតត្រឹមវេលាម៉ោង១២:៣០ថ្ងៃត្រង់ ថ្ងៃទី១៩ ខែវិច្ឆិកានេះ ស្ថានភាពក្នុងខេត្តពោធិ៍សាត់មានសភាពធម្មតា។ ទន្ទឹមនឹងនេះ គិតត្រឹមម៉ោង១២:៣០ថ្ងៃត្រង់នេះដដែល មិនមានការជម្លៀសពលរដ្ឋក្នុងខេត្តពោធិ៍សាត់នោះទេ។
សូមបញ្ជាក់ថា យោងតាមក្រសួងការពារជាតិកម្ពុជា, នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជា បានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅអំឡុងពេលចុះពិនិត្យនោះ មានការផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ៕
