រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ៖ ការជ្រើសរើសមន្រ្តីយុត្តិធម៌នឹងកាន់តែតឹងរ៉ឹង ហើយអ្នកមានសមត្ថភាពត្រូវបំពាក់សមត្ថកិច្ច ឯអ្នកមានសមត្ថកិច្ចត្រូវបំពាក់សមត្ថភាព បើរៀនមិនចេះនឹងរបូតតំណែង
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងថា ការជ្រើសរើសមន្រ្តីយុត្តិធម៌នឹងកាន់តែតឹងរ៉ឹង ហើយអ្នកមានសមត្ថភាព ត្រូវបំពាក់សមត្ថកិច្ច ឯអ្នកមានសមត្ថកិច្ច ត្រូវបំពាក់សមត្ថភាព បើរៀនមិនចេះនឹងរបូតតំណែង។
ការថ្លែងបែបនេះរបស់លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅក្នុងកម្មវិធីកិច្ចសន្ទនារវាងលោក និងលោក កែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល ដើម្បីចែករំលែកទស្សនទានស្តីពី ការកែទម្រង់វិស័យយុត្តិធម៌ និង វិស័យរ៉ែ និងថាមពលនៅកម្ពុជា ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្ត។
លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកមានសមត្ថភាពត្រូវបំពាក់សមត្ថកិច្ច ឯអ្នកមានសមត្ថកិច្ច ត្រូវបំពាក់សមត្ថភាព ផ្អែកតាមគោលការណ៍គុណាធិបតេយ្យ យើងកំពុងកាន់មុខតំណែងមួយ យើងមានសមត្ថកិច្ច យើងមានឱកាសក្នុងដៃ ប៉ុន្តែឱកាសអាចនឹងរបូតទៅវិញ បើយើងមិនពង្រឹងសមត្ថភាព។ អីចឹងសមត្ថភាព ត្រូវខិតខំរៀនតជានិច្ច ទើបក្រសួងបានបង្កើតវគ្គឱ្យមន្រ្ដីតែកំពុងតែកាន់មុខតំណែងឱ្យទៅរៀន គឺរៀនហើយរៀនទៀត បើរៀនមិនចេះ គឺរបូត ហើយរបូតត្រូវផ្ដល់ឱកាសឱ្យអ្នករៀនចេះ មានសមត្ថភាព នឹងបំពាក់សមត្ថកិច្ច ផ្ដល់ឱកាសការដល់អ្នកសមត្ថភាព ដើម្បីអាចយកសមត្ថភាពមកបម្រើប្រទេសជាតិ និងប្រជាជន នៅក្នុងវិស័យដែលកំពុងតែធ្វើការ»៕
