ក្រសួងសុខាភិបាល ៖ ការចាក់វ៉ាក់សាំងដូសទី៣ ត្រូវមានពេលវេលាចន្លោះពី ៦ខែ ទៅ ៨ខែ ដោយរាប់ចាប់ពីថ្ងៃដំបូង នៃការចាក់ដូសទី១
រតនគរី ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានឱ្យដឹងថា ការចាក់វ៉ាក់សាំងដូសទី៣ បន្ថែមលើមនុស្សដែលបានចាក់ដូសពេញលេញ (២ដូស) មានពេលវេលាចន្លោះពី៦ខែ ទៅ ៨ខែ ដោយរាប់ចាប់ពីថ្ងៃដំបូងនៃការចាក់ដូសទី១ ខណៈអ្នកដែលចាក់វ៉ាក់សាំង AstraZeneca មិនមានភាពចាំបាច់អ្វីដែលត្រូវរួសរាន់ត្រូវប្រើប្រាស់ដូសទី៣ទេ។
ការលើកឡើងបែបនេះរបស់លោកស្រី ឱ វណ្ណឌីន ធ្វើឡើងនៅក្នុងផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន នាឱកាសលោកស្រីបន្ដនាំយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រគល់ជូនដល់លោកតា ដែលមានអាយុ១០៨ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្រុងបានលុង ខេត្តរតនគីរី នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ។
លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «តាមនីតិវិធី គឺចន្លោះពី៦ខែ ទៅ៨ខែ ដែលយើងអាចប្រើប្រាស់នូវដូសទី៣ ឬដូសជំរុញបាន អញ្ចឹងបើយើងគិត ការចាក់សម្រាប់មន្ត្រីរាជការស៊ីវិល ក៏ដូចជាក្រុមគ្រូពេទ្យ គឺយើងចាក់តាំងពីថ្ងៃទី១០ ខែកុម្ភៈ អញ្ចឹងបើគិតតាំងខែកុម្ភៈ រហូតមកដល់អីឡូវនេះ វាល្មមដល់ពេលដែលពួកគាត់ទទួលបាននូវដូសទី៣ ឬដូសជំរុញនេះ ដើម្បីឱ្យសិរីរាង្គរបស់គាត់កាន់តែមានភាពមាំទាំថែមទៀត»។
លោកស្រី បានគូសបញ្ជាក់ថា៖ «ដោយឡែកអ្នកចាក់វ៉ាក់សាំង AstraZeneca ហើយនោះ ដែលពួកគាត់មួយចំនួនធំបានទទួលដូសទី២ ប្រហែលខែ៥ ឬខែ៦ ដូច្នេះ រយៈពេលគឺវាខ្លី បើគិតទៅវាខ្លីមានរយៈពេលតែ១ខែ ឬ២ខែ អញ្ចឹងខ្ញុំអនុញ្ញាត គោរពជម្រាបជូនថា មិនមានភាពចាំបាច់អីដែលត្រូវរួសរាន់ សម្រាប់បុគ្គលដែលទើបទទួលបានវ៉ាក់សាំង AstraZeneca នេះទេ ពីព្រោះមិនទាន់មានការបង្ហាញណាមួយដែលបញ្ជាក់ថា អ្នកដែលចាក់វ៉ាក់សាំង AstraZeneca ត្រូវប្រើប្រាស់ដូសទី៣ ដែរ ឬទេ ឬប្រសិនបើត្រូវប្រើប្រាស់តើត្រូវប្រើវ៉ាក់សាំងប្រភេទអី? អត់មានការបកស្រាយ ហើយក៏មិនទាន់មានការសិក្សាណាមួយ បង្ហាញទៅលើចំណុចនេះនៅឡើយទេ»។
ជាមួយគ្នានេះដែរ លោកស្រី ឱ វណ្ឌឌីន ក៏បានគូសបញ្ជាក់ប្រាប់ទៅប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងហើយ សូមមេត្តាយោគយល់ទាំងអស់គ្នា ព្រមទាំងគោរពទៅតាមក្រឹត្យក្រុមបច្ចេកទេសនៃវ៉ាក់សាំងផងដែរ។ លោកស្រីបានពន្យល់ថា វ៉ាក់សាំង គឺជាប្រភេទមេរោគដែលអ្នកជំនាញយកទៅរំងាប់បន្សាំ ឱ្យចូលក្នុងខ្លួនមនុស្ស កុំឱ្យធ្វើទុក បន្ថែមពីនេះវ៉ាក់សាំងមិនមែនជារបស់មួយដែលនឹកឃើញ ហើយចង់ចាក់បាននោះទេ ដូច្នេះសូមឱ្យមានប្រយ័ត្នប្រយែងខ្ពស់មែន៕
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត