(មានវីដេអូ)៖ ដឹងការពិតហេីយ! គ្រូធម៌តាំងខ្លួនចេះ៧ភាសាត្រូវបានអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បញ្ជាក់ថាគ្មានឈ្មោះជាអាចារ្យដែលទទួលស្គាល់ដោយក្រសួងនោះទេ
ពេលថ្មីៗនេះ បុរសម្នាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំង តាមរយៈបណ្តាញសង្គមហ្វេសបុក ដោយបានតាំងខ្លួនជាគ្រូសូត្រ អាគម ចេះធម៌ បាលី ជាភាសាបរទេសយ៉ាងច្រើនមានដូចជា ៖ ចិន ជប៉ុន កូរ៉េ ថៃ ជាដើម ស្របពេលជាមួយគ្នានេះ លោកកំពុងរងការគំរាមកំហែងជាបន្តបន្ទាប់ ខណៈមន្ត្រីពាក់ព័ន្ធមួយចំនួន ក៏កំពុងទទួលរងនូវការរិះគន់ដែរ។
តាមរយៈវីដេអូ ដែលលោកសូត្រអាគមនោះ លោកគ្រងសំលៀកបំពាក់ ពណ៌ ស អមដោយអាសនៈ គ្រឿងសក្ការបូជា ជាច្រើនផង។ បុរសវ័យ៤៣ឆ្នាំ ឈ្មោះ វ៉ាត វុធ តែងទទួលភ្ញៀវរបស់ខ្លួនជាប់ជាប្រចាំ និងសូត្ររំដោះទុក្ខដល់អ្នកមានជំនឿ ជាភាសា ដែលគ្មានអ្នកណាស្ដាប់យល់ឡើយ។
ហើយលោកថែមទាំងធ្លាប់បាននិយាយថា ធម៌ដែលខ្លួនសូត្រ គឺជាធម៌ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកម៉្លេះ ហើយពុំមាននរណាចេះ និងស្ដាប់បានឡើយ ។
គួរបញ្ជាក់ផងដែរថា លោក សេង សុមុនី អ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា បានថ្លែងថា ក្រសួងបានពិនិត្យរួចហើយ លើករណីបុរសតាំងខ្លួនជាគ្រូសូត្រ ចេះធម៌ បាលី ជាភាសាបរទេសនេះ។លោក បន្តថា បុរសរូបនេះ មិនមានឈ្មោះជាអាចារ្យ ដែលទទួលស្គាល់ដោយក្រសួង នោះឡើយ ហើយវិធានការយ៉ាងណាលើបុរសរូបនេះ ក៏មិនស្ថិតក្រោមក្រសួងធម្មការ និងសាសនា ដែរ តែជាវិធានការរបស់ អាជ្ញាធរមានសមត្ថកិច្ច៕