ថ្មីៗនេះ មានមតិមហាជនរិះគន់កាន់តែខ្លាំងឡើង ជុំវិញករណីអាជ្ញាធរអប្សារា ចាប់សត្វស្វា ក្រោយពីអជ្ញាធរបានអះអាងថា ចំណាត់ការនេះគឺដើម្បីការពារ កុំឲ្យមានហានិភ័យទៅដល់ភ្ញៀវទេសចរជាដើម តែទោះយ៉ាងណា ក្រោយពីសកម្មភាពចាប់សត្វស្វាកាចៗដែលបានធ្វើឡើងកាលពីថ្ងៃទី ២៩ ម្សិលមិញ បែរជាធ្វើឲ្យមហាជនរិះគន់ទៅវិញ។ ហើយសូម្បីតែនារីម្នាក់ដែលជាជនជាតិបរទេសក៏បានប្រតិកម្មយ៉ាងខ្លាំងផងដែរ។ បើតាមរយៈគណនីហ្វេសបុកជនបរទេស Waliya Slanthom  ដោយបានសម្រួលជាភាសាជាតិថា សត្វស្វាទាំងនេះនឹងចាកចេញជារៀងរហូតហើយ។ ពួកវាទាំងអស់ជាកូនសម្លាញ់របស់ខ្ញុំ ពូកវាត្រូវបានអាជ្ញាធរកម្ពុជាមកនាំពួកវាចេញ ទៅទាំងហ្វូង ហើយពួកគេថែមទាំងបានសម្លាប់ សត្វស្វាអស់ពីរក្បាលថែមទៀតផង ក្រោមមូលហេតុ ថាសត្វស្វាទាំងនេះបានខាំភ្ញៀវទេសចរ។ សួរថា តើអ្នកបានឃើញដោយផ្ទាល់ភ្នែកថា សត្វស្វាទាំងនេះពិតជាឈ្លើយ ដូចទៅនឹងអ្វីដែលពូកគេប្រកាសឬអត់? ខ្ញុំមិនលើកលែងចំពោះអំពើដែលអ្នកធ្វើដាក់កូនខ្ញុំទេ។ សូមឲ្យព្រះជាអ្នកដាក់ទោសអ្នកដោយផ្ទាល់ដៃគាត់ចុះ។ បន្ថែមពីនេះ នៅថ្ងៃទី ៣០  ខែធ្នូ ឆ្នាំ២០២០ តាមរយៈគណនីហ្វេសបុកលោក ហ៊ុន ជា គាត់បានសរសេររៀបរាប់ថា ធ្វើចឹងឡូយមែនអស់លោក? អាសត្វស្វា វាមិនដែលចេះខុសទេ ព្រោះវាមិនចេះចាយលុយ ហើយគ្មានលុយទិញស្អីស៊ី អាមនុស្សមួយចំនួនទេដែលធ្វើខុសហើយធ្វើចារិកដូចស្វាវិញ ចាំមើលបុព្វបុរសខ្មែរកាច់កហើយ។ 

យ៉ាងណាមិញ បើតាមលោក ឡុង កុសល បានបកស្រាយថា ៖ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុវត្តដំណើរការចាប់ស្វាកាចៗទាំងនោះជាធម្មតា ប៉ុន្តែមានក្រុមមនុស្សមួយចំនួនតូច បានមកតវ៉ាហើយក្រុមនេះបានធ្វើការផ្សព្វផ្សាយបំផ្លើសថាស្វាទាំងនោះបានស្លាប់ជាដើម ដែលតាមការពិតគ្រាន់តែត្រូវថ្នាំសន្លប់ដើម្បីងាយស្រួលក្នុងការចាប់នោះទេ។ លោក ឡុង កុសលបានបន្ថែមទៀតថា ដោយឡែកមនុស្សមួយក្រុមតូចនេះ ត្រូវបានដឹងថាជាក្រុមដែលរកលុយតាមYoutube ដែលកេងប្រវ័ញ្ចរូបភាពនៃសត្វស្វា តាមរយៈការឱ្យចំណី ហើយថតជាវីដេអូបង្ហោះក្នុងបណ្តាញYoutube ដែលការធ្វើបែបនេះ បណ្តាលឱ្យសត្វស្វាទាំងនោះស៊ាំទៅនឹងមនុស្ស ហើយប្រែក្លាយពីសត្វព្រៃមកជាសត្វចិញ្ចឹម”។

បន្ថែមពីនេះ លោក សេក សេង អនុប្រធានការិយាល័យសង្គ្រោះ និងព្យាបាល នៃរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមល្ងាចនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ស្វាកាចចំនួន១៦ក្បាល ត្រូវបានចាប់ពីបរិវេណប្រាសាទបាយ័ន និងកំពុងបញ្ជូនទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ ដោយលោកបានបញ្ជាក់ថា ពុំមានសត្វស្វាស្លាប់ដូចការចោទប្រកាន់នោះទេ ហើយស្វា២ក្បាលដែលសន្លប់នោះ បានដឹងខ្លួនវិញហើយដែរ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ