កាន់តែធ្ងន់ធ្ងរហើយ ! ស្ដ្រីចិនម្នាក់ដែលឆ្លងជំងឺកូវីដ ១៩ បានទៅទិញអីវ៉ាន់នៅផ្សារទំនើបដារុនហ្វា ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ ស្ដ្រីជនជាតិចិនម្នាក់ បានទៅហូបស៊ុប និងដើរទិញទំនិញនៅផ្សារទំនើបដារុនហ្វា (ដំរី៥ជិតរង្វង់មូលតោពីរ) ស្ថិតនៅផ្លូវ២០០ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រោយមកស្រ្តីចិនរូបនេះ ត្រូវបានរកឃើញថា មានកើតជំងឺកូវីដ-១៩ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។
យោងតាមហ្វេសប៊ុកផេក របស់រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនថា នៅថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីស្ត្រីជនជាតិចិនឈ្មោះ CHEN XIANGHAN អាយុ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ED9010564 ដែលនៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានទៅហូបស៊ុប និងដើរទិញទំនិញនៅផ្សារទំនើបដារុនហ្វា (ដំរី៥ជិតរង្វង់មូលតោពីរ) ស្ថិតនៅផ្លូវ២០០ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយលទ្ធផលតេស្ត វិជ្ជមានវីរុសកូវីដ-១៩។
រដ្ឋបាលខេត្តព្រះសីហនុ សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម និងធ្លាប់ចេញចូលនៅផ្សារទំនើបដារុនហ្វា (ដំរី៥ជិតរង្វង់មូលតោពីរ) ចាប់ពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ខាងលើ សូមអញ្ជើញទៅធ្វើតេស្តនៅទីតាំងសាលាបឋម និងអនុវិទ្យាល័យតេជោសែនកម្មករឱ្យបានឆាប់បំផុត។
ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ តទៅដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍៕