សហព័ន្ធស្រូវអង្ករ ៖ កម្ពុជានឹងដាក់លក់អង្ករក្រអូបគុណភាពខ្ពស់លើទីផ្សារប្រទេសចិន និងអឺរ៉ុប នៅពាក់កណ្តាលឆ្នាំ២០២១
ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៣០ ខែធ្នូនេះថា នឹងដាក់ចេញនូវការសម្ពោធម៉ាកអង្ករក្រអូបគុណភាពខ្ពស់របស់ប្រទេសកម្ពុជា គឺម្លិះអង្គរ នៅប្រទេសចិន និងអឺរ៉ុប និងប្រភេទសែនក្រអូប០១ សម្រាប់ដាក់លក់នៅលើទីផ្សារ នៅពាក់កណ្តាលឆ្នាំ២០២១។
បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា អង្ករសែនក្រអូប០១ គឺជាប្រភេទអង្ករថ្មី ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ ទន់ ដែលជាសមិទ្ធផលរបស់ CARDI ក្នុងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្ម កម្ពុជា អូស្រ្តាលី (កាវ៉ាក់) និង ស.អ.ក ក្នុងកិច្ចការស្រាវជ្រាវនិងអភិវឌ្ឍន៍ ក្នុងឆ្នាំ២០១៨។
ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា «អង្កររបស់កម្ពុជា បាននិងកំពុងបន្តរីកចម្រើនក្នុងទិសដៅមួយត្រឹមត្រូវ ហើយនឹងឈានដល់ការនាំចេញជាផ្លូវការ ១លានតោន ក្នុងផលិតកម្មប្រកបដោយនិរន្តរភាព និងផ្តល់ផលសេដ្ឋកិច្ចសង្គម ដល់សហគមន៍នៅក្នុងខ្សែសង្វាក់តម្លៃទាំងអស់»។
សហព័ន្ធស្រូវអង្ករកម្ពុជាបានបន្តថា «ឆ្នាំ២០២០ គឺជាពេលវេលាដ៏លំបាកបំផុត ដែលដំណើររបស់យើងត្រូវបានរងផលប៉ះពាល់ដោយការយកពន្ធរបស់សហភាពអឺរ៉ុប លើអង្ករនាំចេញរបស់កម្ពុជា ក្នុងឆ្នាំ២០១៩ វិបត្តិកូវីដ១៩ គ្រោះធម្មជាតិ ដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ និងវិបត្តិការដឹកជញ្ជូនទំនិញតាមកប៉ាល់ ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២០។ កម្ពុជាគឺជាប្រទេសនាំចេញអង្ករមួយ ដែលប្រកបដោយមោទនភាព ក្នុងការដែលបានផ្គត់ផ្គង់ និងធានានូវសន្តិសុខស្បៀងទៅដល់ប្រទេសក្នុងតំបន់ ក៏ដូចជាសកលលោក»។
«ក្នុងស្ថានភាពដ៏លំបាកនេះ យើងអាចនាំចេញអង្ករបានក្នុងរង្វង់ ៧០ម៉ឺនតោន ដែលគិតជាទឹកប្រាក់ទទួលបានជាង ៤៧០ លានដុល្លារអាមេរិក ដែលក្នុងនោះភាគច្រើន (៨0%) ជាអង្ករក្រអូប ដោយហេតុថា ការទទួលស្គាល់នូវគុណភាពអង្កររបស់កម្ពុជាមានការកើនឡើង នៅគ្រប់ទីផ្សារ ជាពិសេសប្រទេសចិន រួមមានហុងកុង និង ហ្គាបុង និងអូស្រ្តាលី»។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា «នៅឆ្នាំ២០២១ វ៉ាក់សាំងកូវីដ១៩ នឹងត្រូវបានរំពឹងទុកថា អាចជួយសង្គ្រោះអាយុជីវិត និងធ្វើឱ្យមានភាពប្រក្រតីឡើងវិញ និងការស្តារឡើងវិញ នៃសេដ្ឋកិច្ចរបស់យើង ហើយយើងនឹងបន្តដំណើរដើម្បីជំរុញ និងនាំចេញអង្ករដែលមានគុណភាពខ្ពស់របស់យើង»៕EB