ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក ចាន់ សុឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកវិនិយោគ និងហិរញ្ញវត្ថុរបស់ ស.អ.ក អមជាមួយនឹងលោក លន់ យ៉េង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ស.អ.ក បានទទួលជួបស្វាគមន៍ពិភាក្សាជាមួយនឹងធនាគារជាតិនៃកម្ពុជា ដែលមានវត្តមាន លោក ឡុង វិបុណ្យឫទ្ធ អនុប្រធាននាយកដ្ឋានគ្រប់គ្រងការប្តូរប្រាក់ នៃធនាគារជាតិនៃកម្ពុជា និងសហការី។កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើការពិភាក្សាអំពីយន្តការនៃការជំរុញការទូទាត់ជាប្រាក់រៀល និង ពាណិជ្ជកម្មក្រៅប្រទេសជាប្រាក់យ៉ន់ (ចិន) ក្នុងការធ្វើពាណិជ្ជកម្មអង្ករជាមួយប្រទេសចិន។

លោក ចាន់ សុឃាំង បានសម្តែងការចាប់អារម្មណ៍ជាវិជ្ជមាន និងគាំទ្រពេញទំហឹង លើគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការសម្រួលការទូទាត់ពាណិជ្ជកម្មអង្ករក្រៅប្រទេស លោក បានលើកឡើងពីសក្តានុពលនិងប្រតិបត្តិការនៃការធ្វើពាណិជ្ជកម្មអង្ករជាមួយនឹងប្រទេសចិនដែលមានស្រាប់ ជាក់ស្តែងរយៈពេល៥ខែនៃដើមឆ្នាំ២០២០ នេះ កម្ពុជាបានធ្វើពាណិជ្ជកម្មអង្ករ នាំចេញទៅប្រទេសចិន ក្នុងរង្វង់ទឹកប្រាក់ប្រមាណជាជាង ៧១លានដុល្លារអាមេរិក ដែលជាកំណើនមួយគួរឱ្យកត់សម្គាល់។

ដូច្នេះ ការជំរុញការទូទាត់ជាប្រាក់យ៉ន់ចិនដោយផ្ទាល់នេះ នឹងជួយសម្រួលដល់ដំណើរការ ក៏ដូចជាផ្តល់នូវភាពចំណេញនិងងាយស្រួលដល់ពាណិជ្ជករកម្ពុជានិងចិន និងអាចជួយពង្រីកទីផ្សារអង្ករកម្ពុជាទៅប្រទេសចិនបន្ថែមទៀតផងដែរ។ ចំពោះការជំរុញការទូទាត់ជាប្រាក់រៀល គឺជាយន្តការបន្ទាប់សម្រាប់ទូទាត់ការទិញលក់ស្រូវអង្ករក្នុងស្រុក ជាពិសេសជាមួយកសិករ។

តំណាងធនាគារជាតិនៃកម្ពុជា លោក ឡុង វិបុណ្យឫទ្ធ ក៏បានសម្តែងនូវការអរគុណចំពោះការគាំទ្ររបស់សហព័ន្ធស្រូវអង្ករកម្ពុជា លើការជំរុញការទូទាត់ពាណិជ្ជកម្មក្រៅប្រទេស ជាមួយប្រទេសចិន ជាប្រាក់យ៉ន់នេះ តបតាមការស្នើពីធនាគារកណ្តាលរបស់ប្រទេសចិន ម្តងហើយម្តងទៀត លើការស្នើឱ្យកម្ពុជាសហការលើការទូទាត់រូបីយប័ណ្ណជាប្រាក់យ៉ន់លើពាណិ ជ្ជកម្មទ្វេភាគី ដើម្បីសម្រួលដល់ប្រតិបត្តិការ និងចំណេញដល់សេដ្ឋកិច្ច។

លោក លន់ យ៉េង បានផ្តល់មតិយោបល់ ចំពោះយន្តការនេះថា គួររៀបចំព្រឹត្តិការណ៍ចុះអនុស្សរណៈយោគយល់គ្នា (MoU) ឬព្រឹត្តិការណ៍ប្រកាសនៃការចាប់ផ្តើមទូទាត់ប្រាក់យ៉ន់ ដោយចាប់ផ្តើមពីពាណិជ្ជកម្មអង្ករមុនគេ ដែលអាចអញ្ជើញធនាគារកណ្តាលទាំងពីរ និងធនាគារពាណិជ្ជដែលជាអ្នកអនុវត្តចូលរួមក្នុងព្រឹត្តិការណ៍នេះ។ តបតាមការលើកឡើងនេះ ខាងធនាគារជាតិកម្ពុជាបានបង្ហាញថាប្រហែលនឹងអាចមានពិធី នៅពេលដែលកម្ពុជារៀបចំកិច្ចប្រជុំអាស៊ីអឺរ៉ុប ខាងមុខដែលអាចមានការចូលរួមដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ